(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ស៊ាង ឡេង អនុ​ប្រធាន​​ក្រុមការងារ តំណាងលោក ម៉ាង ស៊ីណេត ប្រធានក្រុមការងារគ្រប់​គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានជួបសំណេះ​សំណាល និងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត។

ការសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត នេះ ធ្វើឡើង ក្នុង​ពិធី​ផ្តល់​អាហា​រូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជនអា​ហា​រូបករណ៍ អ.ម.ត ចំនួនជិត ៨០រូប សិក្សានៅខេត្តព្រះសីហនុ។

បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណ​យ៉ាង​ជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែល​លោក​ទាំងពីរ បានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សា​នៅថ្នាក់​ឧត្តម​សិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ៕