(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្មេងទំនើងមួយក្រុមចំនួន៧នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងចំណោមបក្ខពួក៨នាក់ ក្រោយពួកគេកាប់បំផ្លាញម៉ូតូអ្នកដទៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេយីហោ (520) ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

ក្មេងទំនើងទាំង៧នាក់ ដែលត្រូវបានបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន ទី១៖ឈ្មោះ តែម ហាក់ហួរ អាយុ១៨ឆ្នាំ (ជាអ្នកកាប់), ទី២៖ឈ្មោះ លន់ អូននិ ហៅលិ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ហូយ លីហួរ អាយុ១៩ឆ្នាំ, ទី៤៖ឈ្មោះ ហូយ លីហ័ង អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ ប៊ុនរី បូរី អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ ភាព សោភ័ណ្ឌ អាយុ១៨ឆ្នាំ, ទី៧៖ឈ្មោះ អោម សុវណ្ណបញ្ញា អាយុ១៨ឆ្នាំ។ ដោយឡែក ម្នាក់ទៀតកំពុងរត់គេចខ្លួនឈ្មោះ ធី អាយុ១៨ឆ្នាំ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើនេះរហស្សនាម «ធីមផ្ទះយាយ» មានគ្នា៨នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ប៉ុន្តែកាប់មិនបានក៏បានកាប់បំផ្លាញម៉ូតូនៅចំណុចហាងកាហ្វេនោះ ក្នុងបំណងយកផ្លាកលេខម៉ូតូ ដោយចោទប្រកាន់ទាំងស្រពិចស្រពិលថា ជនរងគ្រោះជាបក្ខពួករបស់ក្រុមម្ខាងទៀតដែលប្រុងវាយពួកខ្លួន។

ក្រោយកាប់រួចក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅផ្ទះរៀងៗខ្លួន បន្ទាប់មកជនរងគ្រោះបានចេញមកវិញមើលម៉ូតូឃើញខូចខាត ក៏បានទៅប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ឲ្យជួយធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់៧នាក់ និងម្នាក់ទៀតកំពុងគេចខ្លួននៅឡើយ។ លោកថា មិនថាតែក្មេងទំនើងនោះទេ ចាស់ទំនើងក៏ចាប់ដែរ ឲ្យតែអុកឡុកបង្កបញ្ហាក្នុងសង្គម។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានបន្ដទៀតថា ក្រោយពីការបង្ក្រាបបានដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងធ្វើសន្និសីទបង្ហាញមុខក្រុមក្មេងទំនើងខាងលើជាសាធារណៈ ដើម្បីឲ្យសាធារណៈជនបានដឹង ជាពិសេសក្រុមយុវជនដែលមានបំណងប្រមូលផ្ដុំបង្កើតជាក្រុម ជាបក្ខពួក ក្នុងអំពើទុច្ចរិតត្រូវតែដកថយបោះបង់ចោលភ្លាម ខិតខំរៀនសូត្រ កែខ្លួនឲ្យក្លាយជាមនុស្សល្អ ហើយអាណាព្យាបាលត្រូវតែអប់រំកូនចៅឲ្យដើរផ្លូវល្អ ព្រោះដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាពិសេសអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឲ្យលុបបំបាត់ឲ្យអស់ក្មេងទំនើងនៅទូទាំងប្រទេសនោះ នគរបាលខណ្ឌកំបូល ត្រូវតែបង្ក្រាបមិនលើកលែង ឬយោគយល់ឡើយ។

លោកអធិការបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបង្ក្រាបក្រុមក្មេងទំនើង បានចំនួន៨លើក ឃាត់ខ្លួនមនុស្សចំនួន៤៦នាក់ (ស្រី៤នាក់) ក្នុងនោះមានសារធាតុញៀន ចំនួន៩នាក់ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំនួន១៩នាក់, ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ (PJ) ចំនួន១៤នាក់, មណ្ឌលយុវនីតិសម្បទា ចំនួន២នាក់ (ស្រីម្នាក់) និងដោះលែង ចំនួន៤នាក់ (ស្រីចំនួន៣នាក់ និងអាយុ១៣ឆ្នាំម្នាក់) និងសេសសល់ ចំនួន២៦នាក់កំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល៕