(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ចុះការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ដែលខេត្តតាកែវបានរៀបចំនៅសួនច្បារមាត់បឹងតាកែវរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានថ្លែងថា កងរាជអាវុធហត្ថចំនួនជាង២០០នាក់ ត្រូវបានបញ្ជូនមកការពារសន្តិសុខ ក្នុងនោះកម្លាំងមួយចំនួនត្រូវបានដាក់នៅតាមគោលដៅនានា និងមួយចំនួនទៀតបានជិះម៉ូតូ និងរយន្តល្បាតដើម្បីថែរក្សាសន្តិសុខ និងបង្កាទប់ស្កាត់ បង្រ្កាបក្រុមក្មេងទំនើងផងដែរ។

គួបញ្ជាក់ថា បើតាមលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៥នេះ ដោយមានការណែនាំពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ អាជ្ញាធរក្រុងដូនកែវបានរៀបចំលំអរភ្លើង បំភ្លឺនៅតាមផ្លូវមួយចំនួន និងនៅតាមបណ្ដាទីតាំងសួនច្បារនានានៅក្នុងក្រុង និងរៀបចំកន្លែងកំសាន្តដ៏ធំមួយនៅសួនច្បារមាត់បឹងតាកែវរយៈពេល៣ថ្ងៃ ដែលមានកម្មវិធីដូចជាការប្រគុំតន្រ្តីរយៈពេល៣ថ្ងៃ ការបាញ់កាំជ្រួច ការបង្កោះគោមព្រមទាំងមានការជិះឆ័ត្រយោងដោយប្រើម៉ាស៊ីននៅបឹងតាកែវ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០២៥នេះផងដែរ៕