Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធសាស្ត្រឈ្នះឈ្នះ! អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ហាបិទផ្លូវក្នុងភូមិអូរលើ ឃុំមេសរជ្រៃ ដោយជោគជ័យ និងបានបើកដើម្បីបម្រើជាប្រយោជន៍សាធារណៈ

30-12-2024 15:41

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ បានដោះស្រាយបញ្ហាបិទផ្លូវបានដោយជោគជ័យ និងសម្រេចបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

ក្នុងដំណើរការដោះស្រាយនេះ លោក អ៊ុន ចាន់ដា បានថ្លែងថា ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែខាងលើនេះ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ភារកិច្ចជូនលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ដឹកនាំធ្វើការសិក្សាស្រាវជ្រាវ និងសម្រុះសម្រួល តែភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ ពុំមានការស្រុះស្រួលគ្នា រហូតធ្វើឱ្យករណីនេះ ត្រូវបានបន្តនីតិវិធីនៅសាលាដំបូង ប៉ុន្តែដោយមានការសំណូមពរ​សម្រុះសម្រួលឡើងវិញនៅរដ្ឋបាលខេត្ត។

ជាលទ្ធផលក្នុងកិច្ចសម្រុះសម្រួលករណីខាងលើនេះ បន្ទាប់ពីស្តាប់ការសម្រេច និងការពន្យល់ឈរលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា របស់លោកអភិបាលខេត្ត ភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ដីផ្លូវប្រឡាយ​ទាំងពីរខ្សែ បានសម្រេចទទួលយកគោលការណ៍ សម្រុះសម្រួលរបស់លោកអភិបាលខេត្ត ដោយព្រមព្រៀងគ្នាដូចខាងក្រោម៖

*ទី១៖ យល់ព្រមបើកផ្លូវទំហំ៦ម៉ែត្រ នៅលើដីផ្លូវលំនាំដើមត្រង់ (ដីខាងលោកស្រី លួន បូរី) ដោយអនុលោមតាមប្លង់គោលបន្សល់ទុកពីដើមមក។

*ទី២៖ លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ យល់ព្រមកាត់ដីទំហំ ៣ម៉ែត្រក្បាលដីដើរ ជូនលោកស្រី លួន បូរី ហើយដីនៅសល់ជាក់ស្តែងទំហំ ៣.៨១ ម៉ែត្រក្បាលដីដើរ ឬទំហំជាក់ស្តែង​តាមការវាស់វែង​ដោយមន្ត្រីជំនាញ នឹងលក់ជូនលោកស្រី លួន បូរី ក្នុងតម្លៃសមាមាត្រ ៣ម៉ែត្រក្បាលដីដើរ ២០,០០០ដុល្លា (ឬ ៦,៦៦៦ដុល្លារ/១ម៉ែត្រក្បាលដីដើរ)។ ដូច្នេះតម្លៃដីដែលនៅសល់សរុប គឺទូទាត់តាមការវាស់វែងជាក់ស្តែង ដោយមានកំណត់ហេតុត្រឹមត្រូវពីរដ្ឋបាលស្រុកស្ទឹងត្រង់។

*ទី៣៖ រដ្ឋបាលស្រុកស្ទឹងត្រង់ ត្រូវដឹកនាំធ្វើការបើកផ្លូវតាមស្មារតីអង្គប្រជុំ ដូចក្នុងចំណុចទី១ ខាងលើ និងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេចរបស់អាជ្ញាធរខេត្ត។ ជាមួយគ្នានោះ រដ្ឋបាលស្រុកស្ទឹង ត្រង់ បន្តដឹកនាំវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋពាក់ព័ន្ធ។

ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចំពោះមុខអង្គប្រជុំ និងយល់ព្រមបញ្ចប់វិវាទ ដោយបានផ្តិតមេដៃជាការទទួលខុសត្រូវចំពោះមុខអាជ្ញាធរផងដែរ៕