(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសម្ពោធបើកព្រឹត្តការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទ ពិធីឆ្លងឆ្នាំសកល២០២៤-២០២៥ ដែលមានស្តង់ ម្ហួបអាហារ បង្អែមខ្មែរ ចំនួន ៨០ស្តង់ និង ស្តង់ពិព័ណលក់ទំនិញទូទៅរបស់ក្រុមហ៊ុន ប្រមាណ២០០ស្តង់ ការប្រគុំតន្រ្តីខ្នាតយក្ស នៅមុខវិមានឯករាជ្យ ព្រមទាំងមានការបាញ់កាំជ្រួច លេងកម្សាន្តក្នុងពេលរាត្រីថ្ងៃចុង ក្រោយក្នុងពិធីឆ្លងឆ្នាំនៅយប់ថ្ងៃទី៣១ ឆ្លងចូលរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ផងដែរ។

ពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅផ្លូវលេខ១មុខអគារសារៈមន្ទីរប្រវត្តិសាស្រ្តខេត្ត (សាលាខេត្តចាស) ដល់សួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជីវករនិងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

បន្ទាប់ពី លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការព្រឹត្តការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ អ្នកបាត់ដំបង ដើម្បីអបអរសាទពិធីឆ្លងឆ្នាំសកល២០២៤-២០២៥ មកគណៈអធិបតី និង មន្រ្តីអមដំណើរបានអញ្ជើញដើរទស្សនា នៅតាមតូបតាំងម្ហូបអាហារខ្មែរ អ្នកបាត់ដំបងទាំង៨០តូប និង អបអរសាទរ គ្រប់អាជីវករទាំងអស់ដែលបាន មកចូលរួមនាពេលនេះ ដើម្បីដើម្បីអបអរសាទ ពិធីឆ្លងឆ្នាំសកល២០២៤-២០២៥ ខាងមុខនេះ ដែលបានធ្វើចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ ២០២៤ឆ្លងចូលឆ្នាំថ្មី ២០២៥។

គួរបញ្ជាក់ថា «ទីក្រុងបាត់ដំបងទទួលបានការចុះបញ្ជីក្នុងបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ (UCCN) បានធ្វើការទំនាក់ទំនងមកមន្ទីរជំនាញ ដើម្បីពិភាក្សាអំពីការរៀបចំឯកសារស្នើសុំទៅ អង្គការយូណេស្កូ ដាក់បញ្ចូលទីក្រុង បាត់ដំបង ទៅក្នុងបណ្តាញទីក្រុង ដែលមានការច្នៃប្រឌិត នៅក្នុងផ្នែកមួយ នៃវិស័យទាំង៧ រួមមាន៖ សិប្បកម្មប្រពៃណី ការរចនាម៉ូត អក្សរសិល្ប៍ ភាពយន្ត ចំណីអាហារ សិល្បៈទំនើប (Media arts) និងតន្ត្រី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ឆ្នាំកន្លងទៅនេះ។

មន្រ្តីជំនាញ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តបាត់ដំបងបានបង្កលក្ខណៈឱ្យមានការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិព័រណ៍ ពាណិជ្ជកម្ម ព្រឹត្តិការណ៍ជិះកង់ ពិធីអុំទូក បុណ្យចេញព្រះវស្សា អកអំបុកសំពះព្រះខែពិធីបុណ្យឆ្លងឆ្នាំសកល និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតក្នុងនោះក៏មានពិព័រណ៍ម្ហូបអាហារអ្នកក្រុងបាត់ដំបង ដូចដែលកំពុងធ្វើនាថ្ងៃនេះ កត្តាទាំងអស់នេះហើយ ជាធាតុចូលដើម្បីជាទំងន់ទៅលើសុំណុំឯកសារ ធ្វើឲ្យអង្គការយូណេស្កូ សម្រេចដាក់ក្រុងបាត់ដំបងទៅក្នុងបញ្ជីទីក្រុង ដែលមានការច្នៃប្រឌិដ្ឋផ្នែកម្ហូបអាហារនាពេលឆ្នាំកន្លងទៅផងដែរ។

ការតាំងពិព័រណ៍នេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្នាដៃអ្នកធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ផ្សព្វផ្សាយពីមុខម្ហូបប្រចាំតំបន់ដ៏សម្បូរបែបឈ្ងុយឆ្ងាញ់ជាច្រើនរបស់អ្នកបាត់ដំបង និងដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តក៏ដូចជាការជូនដំណឹងដល់ភ្ញៀវទេសចរបានមកលេង បានស្គាល់ពីស្នាដៃចុងភៅ អ្នកធ្វើម្ហូបខ្មែរនៅខេត្តបាត់ដំបង ព្រមទាំងបង្ហាញពីសក្តានុពលក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើនដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួម ទស្សនា និងភ្លក្សម្ហូបអាហារយ៉ាងច្រើនកុះករ៕