(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា បានរៀបចំ បើកវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។
នៅក្នុងពិធីបើកសិក្ខាសាលានេះ មានការចូលរួមពី សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្រ្តីរាជការ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រធានមន្ទីរ នៅតាមបណ្តាខេត្តមួយចំនួនទៀតចូលរួម ប្រមាណជា១៦០នាក់។
នៅក្នុងឱកាសនោះ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងឲ្យដឹងថា គ្រប់មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារ ដោយមានផែនការ ច្បាស់លាស់ ទើបអាចសម្រេច បានការងារដ៏ជោគជ័យ។ លោកបន្តថា ផែនការមិនគួរមើលរំលងឡើយ ត្រូវមានផែនការទុកជាមុន ដោយផ្សារភ្ជាប់នឹង ឯកសារត្រឹមត្រូវ ហើយក៏ត្រូវបង្ហាញការខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដូចនេះមិនមែនតែមន្រ្តីរាជការនោះទេ គឺគ្រប់គ្នាត្រូវមានផែនការរៀងៗខ្លួន។
លោក សួង ម៉េងឡុងបានបន្ថែមថា សិក្ខាសាលានេះ អាចចាត់ទុកថា ជាវេទិកា ផ្ទេរចំណេះដឹងរយៈពេលខ្លី មិនមែនរយៈពេលវែងនោះទេ ដូចនេះត្រូវមានការយកចិត្តទុកដាក់ និងក្រេបយកចំណេះសឹងនាពេលនេះ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ហើយសិក្ខាសាលានេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏បានចូលរួមចំណែក ជាច្រើនដល់មន្រ្តីរាជធានី ខេត្តទាំងអស់។
សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា «យើងមានកិច្ចការជាច្រើនដែលត្រូវចែករំលែកឲ្យគ្នា ទៅវិញទៅមក។ ផែនការ ការងារទៀតសោត មិនអាចមើលរំលងបានឡើយ បើធ្វើអ្វីមួយ គ្មានផែនការទៅមុននោះទេ វាមិនអាចជោគជ័យ បានឡើយ ហើយក៏មិនអាចទទួលផ្លែផ្កាបានដែរ នេះគឺជាការយល់ ឃើញរបស់ខ្ញុំ។ ត្រូវមានផែនការទុកជាមុន ដោយផ្សារភ្ជាប់នឹងឯកសារត្រឹមត្រូវ ត្រូវបង្ហាញការខិតខំប្រឹងប្រឺងឲ្យអស់ពីកម្លាំងកាយចិត្ត ដូចនេះ មិនមែនតែមន្រ្តីរាជការនោះទេគឺគ្រប់ គ្នាត្រូវមានផែនការរៀងៗខ្លួន។ ពេលខ្លះយើងបានមើលរំលងថា ផែនការអត់ប្រយោជន៍ គ្មានន័យសម្រាប់យើងទេ»។
យ៉ាងណាក៏ដោយ លោក សួង ម៉េងឡុង បានសម្តែងការរីករាយ ដែលឃើញមានប្រធានមន្ទីរមួយចំនួន បានចូលរួមនៅក្នុងសិក្ខាសាលានាពេលនេះ។ លោក សួង ម៉េងឡុងបាន បញ្ជាក់ឲ្យដឹងថា កន្លងមករូបលោក និងក្រុមការងារ បានចុះទៅតាមបណ្តាខេត្តមួយចំនួន ចែករំលែកបទពិសោធន៍ការងារ ដល់មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតជំរុញធ្វើយ៉ាងណា ឲ្យការងារទទួលបានជោគជ័យ និងរលូនទៅមុខ៕