(កំពង់ឆ្នាំង)៖ អធិការស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលទើបនឹងតែងតាំងជាអធិការនគរបាលស្រុក បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ ដែលករណីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងព្រឹក។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដងស្ថិតនៅក្រោយភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ណែម សេត អាយុ៥៤ឆ្នាំ ទើបតែងតាំងតំណែងជាអធិការនគរបាលស្រុកជលគីរី លោកអធិការរូបនេះមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារ, លោក ណែម សេត មិនដែលមានបញ្ហាអ្វីនៅក្នុងគ្រួសារនោះឡើយ ហើយរូបគាត់ក៏គ្មានជំងឺប្រចាំកាយអ្វីដែរ។ គ្រួសារថា អាចមានបត្តិអ្វីមួយ តែលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារ ឱ្យដឹងនោះទេកន្លងមកនេះ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបច្ចេកទេសផ្នែកកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ និងបានបញ្ជាក់ថា អធិការស្រុករូបនេះ គឺពិតជាស្លាប់ដោយការ ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតមែន។ សមត្ថកិច្ចក៏បានប្រគល់សពទៅក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យនៅឯគេហដ្ឋានផងដែរ៕