(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្វាយកាឡី ស្ថិតនៅភូមិកាឡីត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកស្រីឧកញ៉ា អគ្គមហាឧបាសិកា សិរីករុណា បុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកស្រី កែ សួនសុភី ស សុខា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ក្នុងឱកាសនោះលោក សួន សុម៉ាលីន បានថ្លែងថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកបាភ្នំ បានបង្ហាញឱ្យឃើញនូវសមិទ្ធិផលជាច្រើន បានកសាងឡើងនៅក្នុងបាភ្នំនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបំរើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសំណង់​នានាផងដែរ ក្នុងនោះមាននូវព្រះវិហាដ៏ធំស្កឹមស្កៃ ដែលនឹងធ្វើពិធីកាត់ឬសសីមានាពេលបន្តិចទៀតនេះ ក្រោមវត្តមានដ៏ឧត្តុងឧត្តមរបស់លោកស្រី កែ​ សួនសុភី សសុខា ​ផងដែរ។ 

លោកអភិបាលខេត្តបានបន្តថា សមិទ្ធផលដ៏ថ្លៃថ្លានេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការវត្ត ​តាំងពីជំនាន់មុនមក រួមជាមួយនឹងអាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ពុទ្ធបរិស័ទ្ធមកពីចំងាយ មកពីខេត្តផ្សេងៗមកពីភ្នំពេញ ជាពិសេសមកពីប្រទេសអូស្ត្រាលី។ ព្រះវិហា និងសមិទ្ធិផលនានាក្នុងវត្តនេះ គឺកើតចេញពីសទ្ធាជ្រះថ្លារបស់យើងទាំងអស់គ្នាដែលជាមហាពុទ្ធសាសនិក​ ពុទ្ធសាសនិក ដែលតែងតែរួមចំណែក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។

លោកអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​កន្ល​ង​មក​នេះ កម្ពុជាក៏ដូចជា​ខេត្តព្រៃវែងមានភាព​រីកចំរើនលើគ្រប់​វិស័យគួរ​ឲ្យកត់​សម្គាល់។ ទាំងនេះស្តែងឲ្យឃើញ​ពី​ស្ថាន​ភា​ព​ដែលប្រទេសជាតិទទួលបាន​នូវសុខសន្តិភាព តាមរយៈគោល​នយោបាយ​ឈ្នះឈ្នះរបស់រាជ​រដ្ឋា​ភិបា​ល​ ដែល​​បានជំរុញ​ឲ្យកម្ពុជាមានឱកាសក្នុងការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងរូបវ័ន្ត ​និងអរូបវ័ន្ត ជំរុញការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​រហូតសម្រេចបាន​កំណើនខ្ពស់ ក្នុងរយៈពេលជាង២​ទស្សវត្សរ៍នេះ។ 

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ ថ្នាក់ឃុំ-សង្កាត់បានធ្វើឱ្យ ឃុំ-សង្កាត់មានការរីកចំរើន ដោយពិនិត្យឃើញថាជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ពិសេសនៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់បន្ថែមពីដើម្បីរួមចំណែក ក្នុងការរកក្សាបាននូវការគាំទ្រពីប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខមូលដ្ឋាន​បានល្អ លោកសូម​ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជារដ្ឋបាលស្រុកឃុំ។

បើតាមលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានឲ្យដឹងថា ព្រះវិហារថ្មីនេះ (បណ្តោយ២១ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់២៤ម៉ែត្រ), ខ្លោងទ្វារ៤ទិសជុំវិញព្រះវិហារ, បានចាក់ដីបំពេញទីធ្លាវត្ត, បានកសាងផ្លូវបេតុង ព័ទ្ធជុំវិញព្រះវិហារ និងកសាងដងទង់ចំនួន២ដើម កម្ពស់៣០ម៉ែត្រ ដោយបានចំណាយសាច់ប្រាក់សរុបចំនួន៤.២៥២.៤៦៤.០០០រៀល គិតជាប្រាក់ដុល្លាស្មើនឹងចំនួន១.០៦៣.១១៦ដុល្លារ ដោយបច្ចុប្បន្ននេះ នៅជំពាក់ថ្លៃសម្ភារសំណង់ និងថ្លៃឈ្នួលជាងចំនួន ២៨.៥០០ដុល្លារ។ ក្នុងនោះលោកស្រី កែ សួន សុភី សសុខា បានចេញថ្លៃជំពាក់ជាងទាំងអស់ផងដែរ៕