(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ នៅឆ្នាំក្រោយនេះ នឹងត្រូវធ្វើឡើងដូចការគ្រោងទុក ដោយរដ្ឋាភិបាលយោធាថៃ ខណៈប្រជាជនថៃកំពុងព្រួយបារម្ភ ជុំវិញការចូលទិវង្គត របស់ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ក្រោយព្រះអង្គសោយរាជ្យអស់រយៈពេល ៧០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
យោងតាមកាសែត Bangkok Post ការចូលទិវង្គត់ របស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតសកល នៅឆ្នាំក្រោយនេះឡើយ ហើយ មិនតែប៉ុណ្ណោះរដ្ឋាភិបាលយោធាថៃ ថែមទំាងបានសន្យាទៀតដែរថា សេដ្ឋកិច្ចថៃ និង រដ្ឋាភិបាលនឹងនៅតែដំណើរការជាប្រក្រតីដដែល។
ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត តែងតែមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយនឹងរបបដឹកនំាយោធាថៃ ដូច្នេះទើបមានការព្រួយបារម្ភមួយចំនួន រវាងអំណាចនៃអនាគត ព្រះមហាក្សត្រថ្មី និងស្ថាប័នយោធា ព្រោះថាគេមិនទាន់ដឹងច្បាស់ ថាតើព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន អាចនឹងប្រកាន់គោលជំហរដូច ព្រះបិតាទ្រង់ ឬយ៉ាងណានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា បានឱ្យដឹងថាព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានជម្រុញឱ្យប្រជាជនថៃទំាងមូល កុំឱ្យព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ទ្រង់ ដោយបានពន្យាពេលការឡើងគ្រងរាជ្យ បន្តពីព្រះបិតា បើទោះជាពាក្យចចាមអារ៉ាម ជុំវិញភាពមិនច្បាស់លាស់ និង អស្ថិរភាព នៅក្នុងប្រទេសកំពុងលេចឮកាន់តែខ្លាំងឡើងក្តី៕