(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជា នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅទីស្នាក់ការគណបក្ស ដែលទើបសាងសង់រួច ដើម្បីសម្រួលការបំពេញការងាររបស់មន្ត្រីបក្សឃុំ។
ពិធីធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៉ិច សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រៀល និងលោកស្រី និងមានអ្នកចូលរួមប្រមាណ១៥៣នាក់។
សមិទ្ធផលនានានៅទីស្នាក់ការគណបក្សឃុំទ្រៀល ស្រុកតាំងគោក រួមមាន៖ រោងប្រជុំទំហំ ១៥ម៉ែត្រ គុណ ១៨ម៉ែត្រ ធ្វើអំពីដែកប្រកសង្កសី ចាក់សាបបេតុង តុប្រជុំចំនួន១០ តុគណៈអធិបតីចំនួន១ ប៉ូឌីយ៉ូមចំនួន២ មានបំពាក់កង្ហា ដាក់ភ្លើងបំភ្លឺក្នុងរោងផង ដាក់អំពូលសឡាជុំវិញតាមរបងស្នាក់ការ មានធុងបាសបំពងសំឡេង អណ្តូងទឹកស្នប់ អគ្គិសនី ជួសជុលបន្ទប់ទឹក ការតុបតែងផ្សេងៗ និងការដាំដើមឈើជាដើម។ល។
ចំពោះរោងប្រជុំនេះ បានសាងសង់ចាប់ពីខែកញ្ញា បានបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២៤ អាចដាក់អ្នកចូលរួមប្រជុំបានប្រមាណ ៤០០នាក់ គ្រោងពង្រីកបន្ថែមឱ្យបាន៥០០នាក់។ រោងប្រជុំនេះ ជាអំណោយរបស់លោក ប៉ិច សុខា និងលោកស្រី រួមជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រៀល។
បន្ទាប់ពីសម្ពោធបានប្រព្រឹត្តទៅរួចរាល់ ក្រុមការងារ ក៏បានរៀបចំពិសារអាហារសាមគ្គីជប់លៀងចុងឆ្នាំនៅស្នាក់ការបក្សឃុំ ដែលអ្នកចូមរួមប្រមាណ ១៥៣នាក់៕