(ភ្នំពេញ)៖ កម្មករនិយោជិត និងនិយោជក បានលើកឡើងថា សន្តិភាពនៅកម្ពុជាបាននាំមកនូវឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា សន្តិភាពបាននាំមកនូវការវិនិយោពី បរទេសចូលមកកម្ពុជា សន្តិភាពនាំមកនូវការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម ហើយប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការងាររាប់លានកន្លែង រួមទាំងការវិនិយោគបរទេសចូលមកកម្ពុជានោះដែរ។
ការលើកឡើងរបស់កម្មករនិយោជិត និងនិយោជកបែបនេះ គឺអំឡុងពេលដែលប្រជាជាតិកម្ពុជាទាំងមូលបាននាំគ្នាប្រារព្ធពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។
នាឱកាសនោះ កញ្ញា សោម ស៊ីថូ ជាកម្មកររោងចក្រមកពីរាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលបានចូលរួមកម្មវិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃដ៏មានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សន្តិភាពបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់ពលរដ្ឋកម្ពុជា ជាពិសេស ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម ដូចពេលបច្ចុប្បន្ន។ កញ្ញាមើលឃើញថា សម្រាប់កម្មករនិយោជិត សន្តិភាពមាននៅគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងនោះនៅកន្លែងធ្វើការរបស់ខ្លួនក៏មានសន្តិភាពផងដែរ ពោលគឺការធ្វើការងារមួយប្រកបដោយភាពសុខដុមនីយកម្ម ភាពរីករាយ គ្មានជម្លោះ ទំនាក់ទំនងដូចបងប្អូនរវាងនិយោជិត និងនិយោជក។ ការដោះស្រាយបញ្ហាបន្តិចបន្តួចនៅក្នុងរោងចក្រប្រកបដោយសន្តិវិធីដូចគ្រួសារតែមួយ។
កញ្ញាបានបន្ថែមថា កត្តាសន្តិភាព ដែលរកបានដោយលំបាកពីប្រមុខថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យសង្គមជាតិមានឱកាសក្នុងការអភិវឌ្ឍ បង្កើតឱកាសការងាររាប់លានកន្លែងដល់ពលរដ្ឋកម្ពុជា និងកម្មករនិយោជិត។ ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជានេះហើយ គឺបានមកពីកត្តាសន្តិភាព សន្តិភាពពាំនាំមកនូវស្នាមញញឹមដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករនិយោជិតនៅទូទាំងប្រទេស។
ចំណែកលោកស្រី សួន សារិត ជាកម្មករនិយោជិតម្នាក់ទៀតមកពីរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សន្តិភាពនៅកម្ពុជា គឺត្រូវរកបានដោយលំបាកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់។ សូមអរគុណគុណូបការៈរបស់ ថ្នាក់ដឹកនាំទាំងអស់ដែលលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា។ កម្មការិនីរូបនេះមើលឃើញថា ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានឱកាសការងារសម្រាប់ពួកគាត់ដែរ ប្រសិនបើគ្មានសន្តិភាព ក៏គ្មានឱកាសសម្រាប់កម្មករធ្វើការទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារដែរ, ប្រសិនបើគ្មានសន្តិភាព ក៏គ្មានសិទ្ធិសេរីភាពសម្រាប់ពួកគាត់ដល់សព្វថ្ងៃដែរ។ សន្តិភាពមានតម្លៃឥតកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា សន្តិភាពផ្តល់នូវលទ្ធផលផ្លែផ្កា ដល់បងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា។
ដោយឡែក លោក មៃ សុខុន អនុប្រធានផ្នែករដ្ឋបានរោងចក្រ Marvel Garment រាជធានីភ្នំពេញ បានលើកឡើងថា សន្តិភាពជាកត្តាចាំបាច់បំផុតសម្រាប់ការវិនិយោគ នៅប្រទេសកម្ពុជា សន្តិភាពជាចំណុចដំបូងបំផុតដែលអ្នកវិនិយោគបរទេសសម្លឹងមើលមុននឹងសម្រេចចិត្តមកធ្វើការរកស៊ីនៅប្រទេសកម្ពុជា។ តំណាងរោងចក្ររូបនេះ មើលឃើញថា សន្តិភាពនៅកម្ពុជាបាននាំមកនូវការវិនិយោគិនពីបរទេសជាច្រើននារយៈកាលប្រមាណជាង២០ឆ្នាំមកនេះ។ បើគ្មានសន្តិភាព នោះក៏គ្មានការវិនិយោគិនពី បរទេសដូចសព្វថ្ងៃដែរ, បើគ្មានសន្តិភាពនោះក៏គ្មានការងាររាប់លានកន្លែងសម្រាប់ពលរដ្ឋ, បើគ្មានសន្តិភាព នោះក៏គ្មានសិទ្ធិសេរីភាព ដូចសព្វថ្ងៃផងដែរ។ លោកថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលខិតខំលះបង់កម្លាំងកាយចិត្តដើម្បីពាំនាំមកនូវសន្តិភាពដល់ប្រជាជាតិខ្មែរដូចសព្វថ្ងៃ។
គួរបញ្ជាក់ថា «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ក្នុងនោះដើម្បីអបអរទិវាដ៏មានតម្លៃនេះផងដែរ ក៏មានការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ជាការកត់សំគាល់ មានមហាជន បងប្អូនកម្មករនិយោជិត យុវជន សិស្សនៃវិទ្យាស្ថានបច្ចេកទេស TVET យ៉ាងច្រើនកុះករបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពនាពេលនេះ គឺដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យ នូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ពេញផ្ទៃប្រទេស៕