(ព្រះវិហារ)៖ ឧទ្យានរាជណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប សហការជាមួយអាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធី រត់ម៉ារ៉ាតុង ឧទ្យានឫស្សីត្រឹប ២០២៤ លើកទី៣ ក្រោមប្រធានបទ«យុវជនដើម្បីបរិស្ថាននិងសន្តិភាព» ក្នុងគោលបំណងដើម្បីការបរិស្ថាន ជីវចម្រុះ និងឧទ្ទិសចំពោះទិវាសន្តិភាពជាតិ ២៩ធ្នូ ឆ្នាំ២០២៤។
លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ការរត់ម៉ារ៉ាតុង ឧទ្យានឫស្សីត្រឹប ២០២៤ លើកទី៣ ដែលរៀបចំឡើងដោយឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប សហការជាមួយរដ្ឋបាលស្រុកឆែបនាពេលនេះ គឺក្នុងគោលបំណងរំលេចឡើងផ្សារភ្ជាប់ជាមួយយុវជននិងបរិស្ថាន យុវជននិងព្រៃឈើ ការពារធនធានធម្មជាតិ។ ម្យ៉ាង វិញទៀត គឺដើម្បីអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤ ជាទិវានយោបាយឈ្នះឈ្នះ ស្ថាបនិកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលស្រុកស្តីទី បានថ្លែងទៀតថា ការត់ម៉ារ៉ាតុង ឧទ្យានឫស្សីត្រឹប ២០២៤ លើកទី៣ នាឱកាសនេះ គឺមានអ្នកចូលរួមប្រមាណ៣៥០នាក់ ដោយរត់ចំងាយ៤គីឡូម៉ែត្រ ចាប់ផ្តើមរត់ចេញពីចំណុចមុខឧទ្យាន ជុំវិញបរិវេណឧទ្យាន កាត់តាមផ្លូវលំ ផ្លូវព្រៃ រហូតមកដល់ចំណុចមុខឧទ្យានវិញ។នៅក្នុងពិធីនោះដែរក៏មានការប្រគល់រង្វាន់លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ ដូចជា ពាន ថវិកា និងសម្ភារ ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជាផងដែរ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានរៀបចំខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
ទិវានេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទន្ទឹមនឹងនេះដែរ ទិវា «សន្តិភាពនៅកម្ពុជា» ក៏ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម សមរភូមិការទូត និងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅកម្ពុជា។
ការរៀបចំទិវា «សន្តិភាពនៅកម្ពុជា» នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគតឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ហើយក៏ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងភិយ្យោភាព។
គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម បំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស៕