(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅវេលាអស្ដង្គតចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។
អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំសូមគោរពជូនអស់លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយទៅកាន់សាធារណៈ ជនឱ្យបានទូលំទូលាយ ដើម្បីចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» អបអរសាទរឱ្យបានច្រើនកុះករ៕