(ភ្នំពេញ)៖ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមប្រមាណ៧៥០នាក់។

ក្នុងនោះមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាលរង នាយករដ្ឋបាល ប្រធានទីចាត់ការធនធានមនុស្សរាជធានី-ខេត្ត ស្នងការរងទទួលផែនធនធានមនុស្ស នាយការិយាល័យបុគ្គលិករាជធានី-ខេត្ត តំណាងពន្ធនាគាររាជធានី-ខេត្ត តំណាងមណ្ឌលអប់រំកែប្រែ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ ទី១-ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ, ទី២-ចែករំលែកបទពិសោធល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរលើការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារបុគ្គលិក និងទី៣-ដាក់ចេញទិសដៅការងារបន្ត និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ ឱ្យឆ្លើយតបទៅនឹងបេសកកម្ម គោលបំណង និងគោលដៅរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងសំណូមពររបស់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត។

ក្រោយដំណើរការអង្គសន្និបាតរយៈពេលពេញមួយថ្ងៃ តាមកម្មវិធីដែលបានគ្រោងទុក អង្គសន្និបាតបានបង្ហាញថា លទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្សសម្រេចបានចំនួន៨២.៦១% នៃផែនការសកម្មភាពឆ្នាំ២០២៤ និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានធនធានមនុស្ស។

លទ្ធផលដែលសម្រេចបាននេះ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការដឹកនាំនិងយកចិត្តទុកដាក់ខ្ពស់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំតម្រង់ទិសជាប់ជាប្រចាំពីលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ មានកិច្ចសហការល្អពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ៕