(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទនេះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធ ចំពោះការលើកឡើងរបស់ សារព័ត៌មាននៅក្នុងស្រុកដែលនិយាយថា ទីក្រុងតូក្យូ គ្រោងនឹងស្នើ ដល់ទីក្រុង មូស្គូ ឱ្យបង្កើតរដ្ឋបាលសហគ្រប់គ្រងរួមមួយ លើទីប្រជុំកោះ គូរីល (Kuril Islands) ជាទីដែលភាគីទំាងពីរ កំពុងមានជម្លោះដែនអធិបតេយ្យភាព នឹងគ្នារយៈពេលជាង ៧០ឆ្នាំ មកហើយ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ ។
បើតាមសារព័ត៌មានជប៉ុន Nikkei នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ សង្ឃឹមថានឹងអាច បញ្ចុះបញ្ចូល និងធ្វើកិច្ចចរចាលើសំណើរនេះ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងឱកាសនៃការបំពេញ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសជប៉ុននៅ ថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ។
ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានខាងរដ្ឋាភិបាលជប៉ុនច្រានចោលភ្លាមៗ ដោយអ្នកនំាពាក្យ ក្រសួងការបរទេសទេសជប៉ុន លោក Yasuhira Kawamura បានលើកឡើងដូច្នេះថា «យើងសូមបដិសេធ ជុំវិញសេចក្ដីរាយការណ៍របស់ Nikkei ដែលថា រដ្ឋាភិបាលជប៉ុន និងរុស្ស៊ី នឹងពិភាក្សាគ្នាលើការបង្កើតរដ្ឋបាលគ្រប់គ្រងរួម នៅលើដែនដីភាគខាងជើង ហើយម្យ៉ាងវិញទៀត ក៏គ្មានការផ្លាស់ប្ដូរគោលជំហរជាមូលដ្ឋាន របស់រដ្ឋាភិបាលជប៉ុននោះដែរ ក្នុងការស្វែងរក សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ដើម្បីដោះសា្រយបញ្ហាគ្រប់គ្រងកោះជម្លោះទាំងបួន នៅទីប្រជុំកោះគូរីល »។
គួរបញ្ជាកថា ជម្លោះដែនដី រវាងជប៉ុន និងរុស្ស៊ី បានកើតឡើងនៅថ្ងៃចុងក្រោយនៃសង្រ្គាមលោក លើកទី២ នៅពេលដែលអតីតសហភាពសូវៀត បានចូលកាន់កាប់ទីប្រជុំកោះគូរីល និងដោយសាជម្លោះទឹកដីនេះដែរ ទីក្រុង តូក្យូ និងទីក្រុង មូស្គូ មិនទាន់បានចុះហត្ថាលេខាលើ សន្ធិសញ្ញាសន្តិភាពនឹងគ្នានៅឡើយទេ៕