(កំពង់ធំ)៖ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៧៥នាក់ នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានប្រកាសបញ្ចូលជាផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំពង្រ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោក ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមការងារគណបក្សថ្នាក់ស្រុក និងក្រុមការងារគណបក្សថ្នាក់ឃុំ។
យោងតាមសេចក្តីសម្រេចស្តីពីការយល់ព្រមបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំពង្រ បានសម្រេចយល់ព្រមបញ្ចូលសមាជិក សមាជិកាចំនួន៧៥នាក់ ដែលស្ថិតនៅឃុំពង្រ ស្រុកតាំងគោក។
លោក ហាក់ ម៉ុងហួត បានស្វាគមន៍សមាជិកបក្សថ្មី និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានរំលឹកអំពីការតស៊ូលះបង់ក្នុងបុព្វហេតុជាតិជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ រួមមាន៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារនិងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ឱ្យរួចផុតពីជំងឺកូវីដ១៩។មានតែគណបក្សប្រជាជនតែមួយគត់ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋ ទទួលបានការអភិវឌ្ឍប្រទេសរីកចម្រើនស្ទើរគ្រប់វិស័យ។ ក្នុងរយៈកាលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ក្នុងការដឹកនាំដ៏គួរឱ្យជឿជាក់ សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
លោកក៏បានអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ទោះ ជាសមាជិកចាស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស និងចូលរួមគោរព និងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន កុំជឿឬស្តាប់ការញុះញង់របស់ជនអគតិណា មួយធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងគណបក្ស។
លោកបានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវតែយកចិត្តទុកដាក់បម្រើបក្ស និងប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលានៅពេលពួកគាត់ត្រូវការ មិនថាយប់ ឬថ្ងៃនោះទេ ជាពិសេសត្រូវយកចិត្តទុកដាក់លើយុវជន យុវនារី កុមារា កុមារី ដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិទៅថ្ងៃក្រោយ និងត្រូវរួមកម្លាំងគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព ភូមិ ឃុំ ឱ្យបានល្អជូនប្រជាពលរដ្ឋ៕