(កំពត)៖ អតីតមន្ត្រីបក្សប្រឆាំងស្រុកឈូក ខេត្តកំពត បានចេញវីដេអូអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដោយប្រកាសចងចាំជានិច្ច មិនអាចបំភ្លេចនូវគុណូប ការៈ និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិក សន្តិភាពនៅកម្ពុជា។

ក្នុងវីដេអូនេះពួកគេ បានប្តេជ្ញាគាំទ្រនូវរាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំជាតិកម្ពុជា តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចម្រើន នៃសង្គមជាតិ ដើម្បីសេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជា។

អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា ប្រកាសថ្កោលទោសជាដាច់ខាតចំពោះក្រុមអ្នកនយោបាយជ្រុលនិយម ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិតជំនាន់ ដែលបានប្រកាសចេញនូវគោលនយោបាយផ្ការីកតាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងឈានទៅដល់ការបង្ករចលាចលនៅក្នុងសង្គមជាតិ។

ពួកគេបានប្តេជ្ញារួមសាមគ្គីគ្នា ទប់ស្កាត់នូវនយោបាយជ្រុលនិយម តាមបែប បដិវត្តន៍ពណ៌របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំ។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាខួប២៦ឆ្នាំហើយ ដែលកម្ពុជា បិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាម និងការបែកបាក់ជាតិ ទទួលបានសុខសន្តិភាពពេញលេញ ការបង្រួបបង្រួម និងឯកភាពជាតិជាធ្លុងក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»។

ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ក្នុងបំណងសំខាន់ៗដូចខាងក្រោម៖

* ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
* ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

* ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិ របស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។

* ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេល បច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតី ដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។

* ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
«ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស៕