(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដើម្បីបូកសរុបលទ្ធផលការងារ នៅក្នុងខែកញ្ញា ព្រមទាំងលើកទិសដៅ សម្រាប់អានុវត្តន៍បន្តនៅខែតុលា។
ក្នុងកិច្ចប្រជុំនេះ លោក ស ថាវី បានស្តាប់នូវរបាយការណ៍ អនុវត្តការងាររបស់កងកម្លាំង សមត្ថកិច្ចជុំវិញបញ្ហាសន្តិសុខក្នុងខេត្ត ព្រមទាំងបានស្តាប់របាយការណ៍ លើវិស័យនានារបស់អភិបាលរងខេត្ត ក៏ដូចជាប្រធានមន្ទីរផងដែរ។
ឧត្តមសេនីទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអានរបាយការណ៍ពាក់ព័ន្ធបញ្ហាបទល្មើសនានា និង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និង បញ្ហានៃការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ។ លោកថាការធ្វើអត្តសញ្ញាណប័ណ្ណ មានការលំបាកច្រើន តែមន្ត្រីនគរបាលត្រូវតែតស៊ូដើម្បីប្រជាជន។
លោក វាទ ប៉ារ៉ានីន អភិបាលរងខេត្ត បានអានជូននូវសារាចរណ៍ណែនាំ របស់ក្រសួងមហាផ្ទៃទាក់ទង និងការអនុវត្តន៍ការត្រួតពិនិត្យ រថយន្តខុសលក្ខណៈបច្ចេកទេស ដើម្បីធ្វើការព្រមាន និងផាកពិន័យ ។
លោក ស ថាវី បានថ្លែងគូសបញ្ជាក់ធ្ងន់ៗ ដល់មន្ត្រីទាំងអស់រួមទាំង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អំពីបទល្មើស និងបញ្ហាមួយចំនួនដែលនៅតែកើតមានតាមបណ្តាក្រុង ស្រុក និងជាពិសេស ច្រកអន្តរជាតិទាំងបី។ លោកអភិបាលខេត្ត ក៏បានលើកយកសារាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីរក្សាការពារធនធានធម្មជាតិ ដល់បណ្តាមន្ទីរ និងអង្គភាពឲ្យយកចិត្តដាក់ខ្ពស់ និងទប់ស្កាត់ឲ្យខាងតែបាន។
លោក ស ថាវី ក៏បានណែនាំឲ្យធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងមធ្យោបាយណាក៏ដោយ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តន៍ ការពារធនធានធម្មជាតិទាំងអស់នោះ៕