(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB បានអនុម័តផ្តល់កម្ចីក្នុងទឹកប្រាក់ចំនួន ៤៥ លានដុល្លារ ដើម្បីលើកកម្ពស់ការទទួលបានការអប់រំ ប្រកបដោយគុណភាព នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងប្រទេសកម្ពុជា នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅព្រឹកនេះ។
ប្រភពដដែលបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលហៅកាត់ថា USESDP នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើនគុណភាព នៃធនធានមនុស្សរបស់ខ្លួន ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសនេះ។
លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «កម្មវិធីនេះ នឹងគាំទ្រដល់ការធ្វើកំណែទម្រង់ សំដៅបង្កើនប្រសិទ្ធភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបចំពោះតម្រូវការពលករជំនាញដែលកំពុងតែកើនឡើង ក្នុងទីផ្សារការងារ។ ក្នុងពេលជាមួយគ្នា សិស្សមកពីតាមខេត្តជួបការលំបាក ជាពិសេស សិស្សស្រី នឹងទទួលបានឳកាសបន្ថែមទៀត ដើម្បីទទួលបានការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព»។
វិធានការជាក់លាក់ រួមមាន ការពង្រីកសម្ភាររូបវ័ន្តសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដូចជា មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងការបំពាក់សម្ភាររូបវ័ន្តសម្រាប់សិក្សាពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក៏ដូចជាបរិក្ខារ និងសង្ហារឹមផ្សេងទៀត នៅក្នុងមជ្ឈមណ្ឌលធនធានមធ្យមសិក្សាទុតិយភូមិចំនួន ១២។ នឹងមានការផ្តល់ផ្ទះសំណាក់គ្រូ នៅតាមតំបន់ ដែលមានតម្រូវការខ្ពស់ ក៏ដូចជាអាហារូបករណ៍សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ ដែលសិក្សាបណ្តុំមុខវិជ្ជាវិទ្យាសាស្ត្រ និងគរុសិស្សដែលកំពុងរៀនក្នុងកម្មវិធីបណ្តុះបណ្តាលដំបូងដែលផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា។
ADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ និងអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ ADB បានផ្តល់ការគាំទ្រសំខាន់ៗក្នុងការវិភាគតាមវិស័យ និងក្នុងការអនុវត្តកំណែទម្រង់អប់រំ តាមរយៈការវិនិយោគ និងការផ្តល់ជំនួយបច្ចេកទេស៕