(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំនៅទីបញ្ជាការស្រាលពហុកីឡដ្ឋានជាតិមរតកតេជោ ដាក់ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីប្រារព្ធខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា «២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២៤» ដើម្បីធានាសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋលេងកម្សាន្តនៅវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តិការណ៍នេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA ដោយគ្រោង អ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីសម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧៖០០នាទី។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានការរៀបចំប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមានឈ្នះ ឈ្នះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ដើម្បីឲ្យព្រឹត្តិការណ៍ខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លង កាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី៕