(មូស្គូ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឱកាសទៅចូលរួមកិច្ចប្រជុំកំពូល BRiCS ក្នុង ប្រទេស ឥណ្ឌា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសម្តែងពីក្តីសង្ឃឹមរបស់លោកថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ រុស្ស៊ី-អាមេរិក ប្រហែលជាអាចមានភាពប្រសើរ ឡើងវិញបន្ទាប់ពីការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
លោកប្រធានាធិបតីរុស្ស៊ី បាននិយាយថា «ខ្ញុំសង្ឃឹមថា នៅពេលដែលការបោះឆ្នោត ការតស៊ូមតិ និងការលំបាកទាំងអស់ នៅក្នុងស្ថានភាពនយោបាយផ្ទៃក្នុង របស់សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ រុស្ស៊ីនិងអាមេរិក នឹងមានឱកាសស្តារទំនាក់ទំនងរវាងគ្នានឹងគ្នាឡើងវិញ» ហើយ លោក Putin បានបញ្ជាក់ថា «ការប្រឈមមុខដាក់គ្នានេះ មិនមែនជាជម្រើសរបស់ប្រទេស រុស្ស៊ី នោះឡើយ»។
ទំនាក់ទំនងរវាង រុស្ស៊ី និង អាមេរិក បានធ្លាក់ដុនដាប ចាប់តាំងតែពីពេលកើតមានវិបត្តិនៅ អ៊ុយក្រែន ហើយភាពតានតឹង បានចាប់ផ្តើមកើនឡើង ដោយសារតែជម្លោះរវាងប្រទេសទាំងពីរ លើបញ្ហានៅក្នុងប្រទេសស៊ីរី។ រីឯនាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ប្រទេស រុស្ស៊ី ថាបានព្យាយាមបង្កភាពរាំងស្ទះ ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយបានបើកយុទ្ធនាការសម្ងាត់ វាយលុកតាមប្រព័ន្ធ អ៊ីនធឺណែត ទៀតផង។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា អាមេរិកនឹងបើកការវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត សងសឹកទៅនឹង រុស្ស៊ី វិញ ដែលទង្វើនេះ ត្រូវបានទីក្រុង មូស្គូ ចាត់ទុកថាជា «ការគំរាមកំហែងប្រឆាំងនឹងប្រទេស រុស្ស៊ី» ហើយ លោក វ្លាឌីមៀ ពូទីន បានបដិសេធនូវការចោទប្រកាន់ ដែលថារុស្ស៊ី បានប៉ុនប៉ងបង្កការរាំងស្ទះ ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ព្រោះវាមិនស្របទៅនឹងបទដ្ឋាននៃ ទំនាក់ទំនង អន្តរជាតិឡើយ៕