(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ឲ្យបានសេចក្ដីសុខសប្បាយ ហើយប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដំណើរការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុនចាប់ផ្តើមនូវព្រឹត្តិការណ៍ឬការសាងសង់សំណង់អ្វីមួយ ជាទំនៀមទំលាប់ខ្មែរយើងតែងបានប្រារព្វនូវពិធីនេះ មិនដែលខកខានឡើយ។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពការរៀបចំសណ្តាប់ធ្នាប់ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តិការណ៍នេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA ដោយគ្រោង អ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីសម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧៖០០នាទី។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានការរៀបចំប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមានឈ្នះ ឈ្នះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ដើម្បីឲ្យព្រឹត្តិការណ៍ខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លង កាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី៕