(ភ្នំពេញ)៖ សមាគមគិលានុបដ្ឋាកកម្ពុជា បានរៀបចំសន្និសីទគិលានុបដ្ឋាកប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែលម្អគុណភាព និងនវានុវត្តន៍ក្នុងការថែទាំ» ក្រោមអធិបតី លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា សន្និសីទគិលានុបដ្ឋាកឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែលម្អគុណភាព និងនវានុវត្តន៍នៃការថែទាំ» បានឆ្លុះបញ្ចាំងឲ្យឃើញថា ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ កំពុងត្រូវបានផ្តោតយកចិត្តទុកដាក់ខ្លាំង ជាពិសេសគឺទៅលើគុណភាពនៃសេវាថែទាំសុខភាព។
«តាមរយៈកម្មវិធីដែលរៀបចំថ្ងៃនេះ គឺបង្ហាញថាគិលានុបដ្ឋាក កំពុងតែរួមចំណែកជ្រោមជ្រែងការអភិវឌ្ឍវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលយើង ដែលក្រសួងសុខាភិបាលកំពុងតែប្រឹងប្រែងផ្តោតយ៉ាងម៉ត់ចត់ លើការលើកកម្ពស់គុណភាព សុវត្ថិភាពសេវាសុខាភិបាល និងភាពពេញចិត្តសម្រាប់ប្រជាពលរដ្ឋ ជាពិសេសការរួមគ្នាលើកកម្ពស់វិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃរាតត្បាតជំងឺនានា ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំងអណត្តិមុន និងក្នុងអណត្តថ្មីដែលដឹកនាំដោយសម្តេច បវរធិបតី ហ៊ុន ម៉ាណែត»។ ការបញ្ជាក់បន្ថែមរបស់លោកស្រីសាស្ដ្រាចារ្យ។
ទន្ទឹមនឹងនោះលោកស្រីបានកោតសរសើរគួរជាទីមោទនៈចំពោះសមាគមគិលានុបដ្ឋាកកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងតួនាទីជាអ្នកផ្តល់ការបណ្តុះបណ្តាលបន្ត ចែករំលែកចំណេះដឹងជាប្រចាំដល់គិលានុបដ្ឋាកតាមរយៈប្រព័ន្ធនិមិត្ត (អនឡាញ ZOOM) ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងឥរិយាបទ ក្នុងការលើកកម្ពស់គុណភាពនៃការថែទាំ និងសុវត្ថភាពអ្នកជំងឺ ឲ្យកាន់តែប្រសើរ។ ជាពិសេសេលោកស្រីអបអរសាទរ និងផ្តល់តម្លៃខ្ពស់ចំពោះបេសកកម្ម និងសកម្មភាពរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ដែលសុទ្ធតែជាប្រយោជន៍ដ៏សំខាន់សម្រាប់រួមចំណែក ក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ និងប្រសិទ្ធិភាពនៃការថែទាំ។
លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «ចំនុចដែលធ្វើឱ្យខ្ញុំពេញចិត្ត គឺភាពសស្រាក់សស្រាំចង់ចេះចង់ដឹង ចង់អភិវឌ្ឍសមត្ថភាពរបស់គិលានុបដ្ឋាកគិលានុបដ្ឋាកទាំងអស់ ដែលតែងប្រកាន់ខ្ជាប់នូវការផ្តល់ជូននូវការថែទាំ ដែលត្រឹមត្រូវតាមបច្ចេកទេស មានប្រសិទ្ធិភាព មានសុវត្ថិភាព និងស្របច្បាប់។ ការប្រឹងប្រែងនេះមិនត្រឹមតែដើម្បីបន្តអាជ្ញាបណ្ណសម្រាប់ជាតម្រូវរបស់គណៈគិលានុបដ្ឋាកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាការសាមគ្គីគ្នា រួមគ្នា កែលម្អគ្នា ក្នុងការពង្រឹងតម្លៃនៃវិជ្ជាជីវៈថែទាំ ដែលជាវិជ្ជាជីវៈមួយដើរតួនាទីជាជួរមុខយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល»។
ឆ្លៀតក្នុងឱកាសនេះលោកស្រីរដ្ឋលេខាធិការ សូមឱ្យគិលានុបដ្ឋាកយកចិត្តទុកដាក់កាន់តែខ្លាំងលើការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវា គ្រប់ពេលវាលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តពីអតិថិជន អ្នកជំងឺ រួមទាំងក្រុមគ្រួសារអ្នកជំងឺ។ ការប្រតិបត្តិផ្តល់ការថែទាំប្រកបដោយមេត្តាធម៌ គុណធម៌ និងទំនួលខុសត្រូវខ្ពស់ របស់គិលានុបដ្ឋាក គឺជាការលើកកិត្តិយស សេចក្តីថ្លៃថ្នូរ របស់បុគ្គលផ្ទាល់ផង ស្ថាប័នផង និងគុណតម្លៃរបស់វិជ្ជាជីវៈថែទាំផង ព្រមទាំងក្រសួងសុខាភិបាលទាំងមូល។ ជាងនេះទៅទៀតសូមឱ្យប្រើប្រាស់ធនធានដែលមានស្រាប់ ប្រកបដោយភាពច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។
សូមជម្រាបថាសមាគមខាងលើនេះ បានផ្ដួចផ្ដើមឡើងបង្កើតឡើងក្នុងឆ្នាំ២០១៣ ដែលដំបូងឡើយមានឈ្មោះថា «ក្រុមអ្នកបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ដ្រថែទាំ» តែក្រោមការខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពប្រកបដោយវិជ្ជាជីវៈ សមាគមមួយនេះបានវិវឌ្ឍខ្លួនជាបន្ដបន្ទាប់រហូតដល់បានផ្លាស់ប្ដូរឈ្មោះមកជា «សមាគមគិលានុបដ្ឋាកកម្ពុជា» ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវដោយក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៩។
លោកស្រី បៃ សុខលីម ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជាបានបញ្ជាក់ថា សម្រាប់គោលបំណងរួមនៃសន្និសីទគិលានុបដ្ឋាកប្រចាំឆ្នាំនេះ គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់គិលានុបដ្ឋាកឱ្យមានជាបន្ដ ដើម្បីពង្រឹងចំណេះដឹង ជំនាញនិងឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្ដោតយកចិត្ដដាក់លើការផ្ដល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់អ្នកជំងឺ និងដោយសេចក្ដីថ្លៃថ្នូរនៃវិជ្ជា្ជជីវៈ ដើម្បីជាទំនុកចិត្ដ និងភាពពេញចិត្ដ របស់ប្រជាជនឱ្យស័ក្កសមនឹងប្រសាសន៍របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ដែលថាគិលានុបដ្ឋាក គឺជាសម្រស់ និងមុខមាត់របស់ស្ថាប័ន៕