(កំពង់ចាម)៖ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការបង្ក្រាបក្រុមទំនើងនៅតាមមូលដ្ឋាន, កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត បានបង្ក្រាបក្មេងទំនើងចំនួន២នាក់ ដែលបានប្រើកាំភ្លើងកែច្នៃប្រើគ្រាប់កង់ បាញ់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅតាមផ្លូវបណ្តាលឲ្យរងរបួស។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កាលពីយប់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ស្រុកចំការលើល បានទទួលពាក្យបណ្តឹងពីឈ្មោះ កែម សោពៃ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំបច្ចុប្បន្ននៅភូមិត្រពាំងសង្កែ ឃុំគគីធំ ដោយបានប្តឹងពីជនមិនស្គាល់អត្តសញ្ញាណ បានយកកាំភ្លើងកែច្នៃបាញ់មកលើរថយន្តរបស់ខ្លួនបណ្តាលឲ្យបែកកញ្ចក់ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេងរងរបួសស្រាល។
ជនរងគ្រោះបានប្រាប់ថា ហេតុការណ៍នេះ បានកើតឡើង ខណៈពេលដែលលោក និងប្រពន្ធបានជិះរថយន្តម៉ាកលីប្រូពាក់ផ្លាកលេខ កំពង់ធំ 2B.3228 ចេញពីផ្លូវបេតុងខាងត្បូងវត្តពព្រេ ហើយបត់ឡើងផ្លូវកៅស៊ូស្រាប់តែមានជនមិនស្គាល់ អត្តសញ្ញាណបាញ់ដោយកាំភ្លើងកែច្នៃចេញពីចេតីយ៍កែងរបងវត្តជ្រុងខាងកើតឈាងខាងត្បូងបណ្តាលឲ្យបែកកញ្ចក់រថយន្ត ភ្លាមនោះខ្លួនបានបើករថយន្តចេញពីកន្លែងកើតហេតុ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺតែម្តង។
ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះស្រាវជ្រាវ សិក្សាស្វែងរកកំណត់មុខសញ្ញា។
លុះដល់វេលាម៉ោង១២៖២០នាទីថ្ងៃខែដដែល សមត្ថកិច្ចជំនាញបានកំណត់អត្តសញ្ញាណ និងនាំខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ជឹម ជួន អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ជាមុខសញ្ញាគ្រឿងញៀនមកសាកសួរ។
តាមចម្លើយសារភាពរបស់ឈ្មោះ ជឹម ជួន, ខ្លួន និងឈ្មោះ សៀង កុសល់ អាយុ២១ឆ្នាំ មានទីលំនៅភូមិពែងមាសត្បូង ឃុំស្ពឺ ពិតជាបានជិះម៉ូតូជាមួយគ្នាទៅផ្លូវកៅស៊ូ នៅចំណុចរកែងរបងវត្តពព្រេងជ្រុងខាងកើត ឈាងខាងត្បូង ដោយឈ្មោះ សៀង កុសល់ ជាអ្នកយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់ បាញ់សំដៅកញ្ចក់រថយន្តដែលកំពុងធ្វើដំណើរ ចំណែកខ្លួនជាអ្នកអង្គុយចាំលើម៉ូតូ ហើយក្រោយធ្វើសកម្មភាពរួច ខ្លួនទាំងពីរនាក់បានជីះម៉ូតូចេញម្តង។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជឹម ជួន, នគរបាលបានបន្តឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ សៀង កុសល់ ដែលជាមុខសញ្ញាគ្រឿងញៀន នៅចំណុចតាមបណ្តោយផ្លូវ៧១C ស្ថិតក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺ។
ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម, នគរបាលបានសម្រេចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ សម្រាប់ជនល្មើសទាំង២នាក់ ក្រោយធ្វើតេស្តទឹកនោម ឃើញថាពួកគេជាអ្នកញៀនថ្នាំផងដែរ៕