(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ បានសម្រេចលើកពេលសវនាការរឿងក្តីលោក សម រង្ស៊ី ទៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦វិញ ដោយមូលហេតុមេធាវីតំណាងលោក សោម សឿន ដាក់ពាក្យសុំពន្យារពេល និងដោយសារអវត្តមានមេធាវីការពារលោក សម រង្ស៊ី ផងដែរ។
សូមជំរាបថា តុលាការក្រុងភ្នំពេញ បានបើកសវនាការសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានទិញ Facebook Like ដើម្បីបង្កើនប្រជាប្រិយភាព លើបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ។ ប៉ុន្តែនៅពេលនេះត្រូវបានប្រកាសពន្យាពេលទៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦វិញ។
ពាក្យបណ្ដឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី អាយុ៦៧ឆ្នាំ ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ។
ក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិត ដល់ទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា «Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬ ជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិត ក្លែងបន្លំជូនសម្ដេច»។
ក្នុងពាក្យបណ្ដឹង បានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និង លោក សោម សឿន យ៉ាងធ្ងន់ធ្ងរ។ លោក សោម សឿន បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និង ទាមទារសំណងជម្ងឺចិត្តចំនួន២០លានរៀល៕