(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារសាខា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ ២០២៤ តាមមន្ទីរ/អង្គភាព និងអនុសាខាក្រុង ស្រុកទាំង១៣។
ពិធីនេះបានធ្វើឡើងក្រោមអធិតីភាព លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងលោក លោកស្រី ប្រធានក្រុមកាកបាទក្រហម សាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង រដ្ឋបាលសាលាខេត្ត សភាពាណិជ្ជកម្ម មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខាក្រុង ស្រុក ទាំង១៣ និងមន្ត្រីប្រចាំការសរុបអ្នកចូលរួមចំនួន ១៤៩នាក់ ស្រី ៩៧នាក់។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកប្រធានគណៈកម្មាធិការសាខាខេត្ត សូមកោតសរសើរដល់គណៈកម្មាធិការ សាខា ក្រុមប្រតិបត្តិសាខា លោក លោកស្រីក្រុមកាកបាទក្រហម តាមមន្ទីរ អង្គភាព ប្រធាន អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង ១៣ និងមន្ត្រីប្រចាំការ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក លោក ស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះ ដើម្បីអោយសាខាខេត្ត មានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង៤ ពិសេសជួយដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។
លោកប្រធានបានបន្ថែមទៀតថា ក្នុងរយៈពេល ១២ខែ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង/ស្រុក បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការងារសុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ សរុបបានចំនួន ៨៥៦គ្រួសារ និងបានប្រគល់ផ្ទះចំនួន២៩ខ្នងផ្ទះ បង្គន់អនាម័យចំនួន២៣ កន្លែងលាងដៃចំនួន៥ និងអណ្តូងទឹកចំនួន២។
ជាមួយគ្នានេះ លោកប្រធាន គណៈកម្មាធិការសាខាខេត្ត បានដាក់ចេញនៅផែនសកម្មភាពសម្រាប់បន្តអនុវត្តមានដូចខាងក្រោម៖
១៖ រៀបចំកសាងផែនការសកម្មភាព និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥ និងប្រជុំអនុម័តផែនការ និង រៀបចំធ្វើផែនការសកម្មភាពប្រចាំខែ។
២៖ បង្កើនកិច្ចសហការឱ្យបានជិតស្និតជាមួយសាខាខេត្ត។
៣៖ ត្រូវមានកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជាទៀងទាត់ ពិសេសប្រធានគណៈកម្មា ធិការអនុសាខា ត្រូវដឹកនាំរៀបចំក្រុមការងារបំពេញការងារជាប្រចាំ និងអនុវត្តការធ្វើរបាយការណ៍ សកម្មភាព និងហិរញ្ញវត្ថុ និងតាមការណែនាំរបស់សាខា អនុវត្តតាមនិតិវិធីលក្ខខ័ណ្ឌការងារកាកបាទ ក្រហមកម្ពុជា។
៤៖ ឆ្នាំ២០២៥ សាខាខេត្ត បានផ្តល់ឱកាសឱ្យអនុសាខាជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន ២ នាក់ ក្នុង ១អនុសាខា ដើម្បីជួយការងារ។
៥៖ ឆ្នាំ២០២៥ សាខាខេត្ត បន្តក្នុងការសាងសង់ផ្ទះ និងបង្គន់អនាម័យ សូមអនុសាខាក្រុង-ស្រុក មេត្តាពិនិត្យ និងមានលក្ខណៈវិនិច្ឆ័យ អោយបានច្បាស់លាស់ចំពោះគ្រួសារ ត្រូវទទួលផ្ទះ និងបង្គន់ អនាម័យ សម្រាប់ផែនការឆ្នាំ២០១៥ ឱ្យមានភាពច្បាស់លាស់ និងគោរពតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា។
៦៖ មេត្តាពិនិត្យមើលតារាងពិន្ទុ ដែលក្រុមការងារបានចុះ និងកែសម្រួលនូវរាល់ចំណុចខ្វះខាត និងមុខការ ដែលសាខាខេត្ត បានណែនាំ។
៧៖ អនុវត្តយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ត្រូវពង្រឹង និងពង្រីកបណ្តាញអ្នក ស្ម័គ្រចិត្ត និងពង្រឹងលើការគ្រប់គ្រងទិន្នន័យអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា តាម វិទ្យាល័យ ឱ្យបានល្អ និងរក្សាទិន្នន័យឱ្យបានត្រឹមត្រូវ តាមឆ្នាំនីមួយៗ។
ក្នុងនោះ សាខាខេត្តក៏បានផ្ដល់រង្វាន់ដល់ អនុសាខា ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ដល់ លេខ៥ រួមមាន៖
* លេខ1 បានទៅលើ អនុសាខា ស្រុកពារាំង ទទួលបាន ម៉ូតូ ១គ្រឿង (Honda Dream C 125 ឆ្នាំ២០២៥ និងថវិកាចំនួន ៤,០០០,០០០រៀល។
* លេខ2 បានទៅលើ អនុសាខា ស្រុកស៊ីធរកណ្ដាល
ទទួលបាន ម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន ៣,០០០,០០០រៀល។
* លេខ3 បានទៅលើ អនុសាខា ស្រុកកញ្ជ្រៀច ទទួលបាន ម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន ២,០០០,០០០រៀល។
* លេខ4 បានទៅលើ អនុសាខា ស្រុកពាមរក៏
ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,៥០០,០០០រៀល។
* លេខ5 បានទៅលើ អនុសាខា ស្រុកពោធិ៍រៀង ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,០០០,០០០រៀល៕