(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haïdar al-Abadi បានប្រកាសនៅថ្ងៃចន្ទ នេះ ពីការចាប់ផ្ដើមធ្វើប្រតិបតិ្តការយោធាវាយលុក ទៅលើទីក្រុង Mosul ដើម្បីវាយយកទីក្រុង មួយនេះពីពួក ISIS​ មកវិញ បន្ទាប់ពីបានបាត់បង់ចាប់តំាងពីខែមិថុនា ឆ្នាំ២០១៤មក។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។​

នៅក្នុងការថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍រដ្ឋ ​លោក Haïdar al-Abadi បាននិយាយថា «ខ្ញុំសូមប្រកាសចាប់ផ្ដើម ធ្វើប្រតិបត្តិការវាយលុកដើម្បីរំដោះអ្នកទាំងអស់គ្នា ពីពួកភេរវករ និង ការគាបសង្កត់នៃក្រុម ISIS ដោយយើងនឹងវាយចូលដល់ទីក្រុង Mosul​ ក្នុងពេលឆាប់ៗនេះ រីឯកងកម្លាំងដែលនឹងចូលរួមក្នុងប្រតិបត្តិការយោធានេះ គឺជាប៉ូលិសនិងកងទ័ពអ៊ីរ៉ាក់»​

ដោយឡែកប្រធានាធិបតីតួកគី បានអះអាងកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលអ៊ីរ៉ាក់ មិនអាច ឬគ្មានលទ្ធភាព វាយលុកតែម្នាក់ឯង​ ដើម្បីដណ្ដើមយកទីក្រុង Mosul មកវិញនោះទេ។ ដោយឡែកប្រឈមមុខនឹងការព្រួយបារម្ភពាក់ព័ន្ធនឹងភាពតានតឹង រវាងក្រុមអ្នកប្រយុទ្ធប្រឆាំងនឹង ISIS​ និង វត្តមានក្រុមកងជីវពលឃើដស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅតែបញ្ជាក់ថា មានតែកងទ័ពនិង ប៉ូលិសអ៊ីរ៉ាក់ តែមួយគត់ ដែលអាចចូលទៅដល់ទីក្រុង Mosul​។

គួរបញ្ជាក់ថា​ បច្ចុប្បន្នពួក ISIS​ មានក្រុមអ្នកប្រយុទ្ធ ចន្លោះពី៣,០០០នាក់ ដល់៩,​០០០នាក់ ដែលកំពុងឈរជើង នៅក្នុងទីក្រុង Mosul។​ នៅមុនពេលមានសង្រ្គាម ទីក្រុងនៅភាគខាងជើង អ៊ីរ៉ាក់ មួយនេះមានប្រជាជនជាង ២លាននាក់ ប៉ុន្តែសព្វថ្ងៃនៅសល់តែ ១,៥លាននាក់ប៉ុណ្ណោះ៕