(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ លើកតម្កើនមរតកវប្បធម៌ជាតិ និងជំរុញវិស័យទេសចរណ៍ វប្បធម៌ ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤)។
ថ្លែងក្នុងពិធីនេះលោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឲ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះ ដឹងខាង ទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឲ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឲ្យបានស្ថិតស្ថេរគង់វង្ស។
លោក លី សារី បន្តថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីនាឱកាសនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។
លោកបានបន្តថា សម្រាប់ឆ្នាំ២០២៥ ខាងមុខ ដើម្បីបន្តរក្សាកំណើន និងទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឲ្យបានផុលផុស ដើម្បីបន្តការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាប នៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានលើកឡើងថា ការបង្ហើរខ្លែង បានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែរ រាប់ពាន់ឆ្នាំមកហើយ។ លោកបន្តថា ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែង ជាវត្ថុអពមង្គល តាមការពិតខ្លែងនេះ ដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឲ្យសុភមង្គល។
លោកបានបន្តថា ដោយសារតែជំនឿរមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ ស្ថាប័នជាតិបានគិតគូរ និងយកចិត្តទុកដាក់រៀបចំឲ្យមានព្រឹត្តិការណ៍នានាដែលទាក់ទងនឹងខ្លែងនេះ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានបំណងយកខ្លែងឯករបស់ខ្មែរនេះ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
លោកបញ្ជាក់ថា ដោយសារហេតុនេះទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និងផ្សព្វផ្សាយអំពីខ្លែងយើងបានទូលំទូលាយ។ ការបង្ហោះខ្លែងនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់ខេត្តសៀមរាប ការបង្ហើរខ្លែងនេះ ខ្មែរយើងនិយមបង្ហើរនៅរដូវរំហើយ។
សូមជម្រាបថា ព្រឹត្តិការណ៍បង្ហើរខ្លែងនេះ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗ សរុបចំនួនប្រមាណ ៥០០ខ្លែង ហើយព្រឹត្តិការណ៍នេះ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៤ ក៏មានអ្នកស្រឡាញ់ និងលេងខ្លែងមកពីបណ្ដាខេត្តផ្សេងៗចូលរួមផងដែរ៕