(សៀមរាប)៖ ទឹកដីអភិវឌ្ឍក្រុងរុនតាឯកតេជោសែន ត្បិតណាស់ទើបតែបង្កើតឡើង តែប្រជាពលរដ្ឋ រស់នៅស្រុកភូមិខាងលើនេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទឹក ភ្លើង ថ្នល់ជាតិ សាលារៀន ផ្សារ វត្ដអារាម និងមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះមកសួរសុខទុក្ខ ជានិច្ច។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលមករស់នៅក្នុងក្រុងដែលទើបតែបង្កើតថ្មីនេះ និងបានផ្ដល់អំណោយសម្រាល ជីវភាពដល់ប្រជាពលរដ្ឋជាង ១,៤០០នាក់ផងដែរ។

ក្នុងនោះក្រៅពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅទីតំាងចែកអំណោយស្ថិតនៅផ្សាររុនតាឯកតេជោសែន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏មិនភ្លេចឡើងចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលបានមកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍថ្មីនេះ ដែលធ្វើឱ្យក្រុមគ្រូពេទ្យរំភើបសប្បាយចិត្ដ និងមានភាពកក់ក្ដៅជាខ្លាំង។

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចុះសួរសុខទុក្ខអ្នកជំងឺដែលមកសម្រាលព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ដែលធ្វើឱ្យគ្រួសារអ្នកជំងឺ និងអ្នកជំងឺ សប្បាយចិត្ដរហូតដល់ស្រក់ទឹកភ្នែក ព្រោះតែមិននឹកស្មានដល់ថា នឹងឃើញវត្ដមានរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យ។

សូមជម្រាបថា ក្រុងរុនតាឯកតេជោសែន ជាក្រុងមួយក្នុងចំណោមក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមអនុក្រឹត្យលេខ ០០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប មានសង្កាត់ចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក និងភូមិចំនួន ១៦ភូមិ ។

ក្រុងថ្មីនេះមួយនេះមានផ្ទៃដីសរុបចំនួន ១២,៤៧៧គីឡូម៉ែត្រការ៉េ ស្មើនឹង ១២,៤៧៧ ហិកតា និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ៩,៦៥៤គ្រួសារ ស្មើនឹង៣៦,៤១២នាក់ ស្រី ១៨,៧៩៤នាក់ កុមារអាយុក្រោម ០៦ឆ្នាំ មានចំនួន ២,៦៨៩ នាក់ ស្រី ១,៧១១ នាក់ កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ ១៨ឆ្នាំ មានចំនួន ៩,៩៦២ ស្រី ៤,៨៤៣នាក់ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ២៣,៥៥៨ នាក់ ស្រី ១២,១៧២នាក់។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកើនចំនួន ៥៥គ្រួសារ ស្នើនឹង ១០៩ នាក់ ស្រី ៥១នាក់។

ទីតាំងទីរួមក្រុង ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ដែលជាតំបន់អភិវឌ្ឍន៍ថ្មី បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ជាក្រុងមួយដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង និងចែកដីជូនប្រជាពលរដ្ឋរស់នៅ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប៕