(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងអំពាវនាវអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ចាត់វិធានការរុះរើនៅសំណង់សម្ភារផ្សេងៗដែលសាងសង់រំលោភលើដីចំណីផ្លូវ និងការចាក់ដីលុបលូ លុបប្រឡាយទឹក និងចាក់ដីខ្ពស់ជាងផ្លូវ ដែលបណ្តាលឱ្យផ្លូវថ្នល់ងាយរងការខូចខាត និងប្រើប្រាស់មិនបានយូរអង្វែង។

ការថ្លែងអំពាវនាវរបស់លោក សំ លាងទ្រី បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក សំ លាងទ្រី បានថ្លែងថា កន្លងមកទោះបីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការអន្តរាគមន៍ដោយធ្វើការរំដោះដីចំណីផ្លូវ និងការស្តារប្រឡាយបង្ហូរទឹកឡើងវិញក៏ដោយ ក៏កំណាត់ផ្លូវជាតិលេខ៩ កំណាត់ផ្លូវ ជាតិលេខ៦២ និងកំណាត់ផ្លូវជាតិលេខ៦៤ នៅតែមានប្រជាពលរដ្ឋមួយចំនួនបានបន្តរំលោភដីចំណីផ្លូវ ដោយការចាក់ដីខ្ពស់ជាងផ្លូវ ចាក់ដីលុបប្រព័ន្ធបង្ហូរទឹក និងចោលសម្រាមផ្សេងៗបង្ករឱ្យមានការស្ទះប្រព័ន្ធលូបង្ហូរទឹកជាដើម។

នៅចំពោះមុខវត្តមានលោក អ៊ុក គឹមសាន នាឱកាសនោះ លោក សំ លាងទ្រី បានថ្លែងដោយធ្វើការគោរពស្នើសុំលោក គីម រិទ្ធី មេត្តាជួយធ្វើអន្តរាគមន៍ទៅបណ្តាលក្រុង ស្រុក ឃុំ សង្កាត់ ចុះត្រួតពិនិត្យ និងធ្វើការហាមឃាត់ ការរំលោភដី ចំណីផ្លូវចាត់វិធានការរុះរើនូវសំណង់ សម្ភារផ្សេងៗដែលសាងសង់រំលោភលើដីចំណីផ្លូវ និងការចាក់ដីលុបលូ លុបប្រឡាយទឹក ចាក់ដីខ្ពស់ជាងផ្លូវ ដែលបណ្តាលឱ្យផ្លូវងាយរងការខូចខាត និងប្រើប្រាស់មិនបាន យូរអង្វែង។

ប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ដោយក្នុងឆ្នាំ២០២៥នេះ មន្ទីរបានបន្តអនុវត្តគម្រោងថែទាំខួបរួមមាន៖

*កំណាត់ផ្លូវជាតិផ្លូវជាតិលេខ៦២ និងលេខ៦៤ ដោយស្រោចក្រាលកៅស៊ូបន្ថែម Reseal DBST ចំនួន១៤កំណាត់ផ្លូវ ប្រវែងសរុប១២០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងស្រុកជាំក្សាន្ត និងស្រុកគូលែន
*គម្រោងថែទាំប្រចាំ កំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្រាលដីល្បាយថ្ម ចំនួន១០កំណាត់ ប្រវែងសរុប២៧៦.២៤គីឡូម៉ែត្រ
*គម្រោងថែទាំប្រចាំ កំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្រាលកៅស៊ូDBST ចំនួន១៤កំណាត់ ប្រវែងសរុប៤២៥.២២គីឡូម៉ែត្រ
*បន្តអនុវត្តគម្រោងថែទាំខួប កំណាត់ផ្លូវជាតិលេខ៦២ ដោយពង្រីកទទឹង៥ម៉ែត្រសងខាង រួចក្រាលកៅស៊ូDBSTប្រវែង៥៥០ម៉ែត្រ និងសំណង់សិល្បការ្យស្ថិតក្នុងស្រុករវៀង
*គម្រោងថែទាំខួប កំណាត់ផ្លូវជាតិលេខ៩ លេខ៦៤ ដោយស្រោចកៅស៊ូបន្ថែមReseal DBST ប្រវែងសរុប១៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកគូលែន។
*គម្រោងថែទាំខួប កំណាត់ផ្លូវជាតិលេខ៦២ ទទឹង៧ម៉ែត្រ ស្ថិតក្នុស្រុកគូលែន និងស្រុកជាំក្សាន្ត។
*គម្រោងស្ថបនាលូអ៊ុយបណ្តោយផ្លូវកោះកែរ ប្រវែង២០១៥ម៉ែត្រ មុខកាត់ជាមធ្យម០.៦មX០.៨ម ស្ថិតក្នុងក្រុងព្រះវិហារ។
*ចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងរកដំណោះស្រាយដើម្បីជួសជុលសម្រួលចរាចរណ៍ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្ត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ទីរ៕