(ភ្នំពេញ)៖ ក្នុងឱកាសខួប២៦ឆ្នាំ នៃទិវាសន្តិភាពនៅកម្ពុជា, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានរំលេចអំពីគុណបំណាច់ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដាក់ចេញនយោបាយឈ្នះឈ្នះ ហើយបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរ និងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។
ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា។ សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។
ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ រាជរដ្ឋាភិបាលបន្តវេន្ត ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ៕
សូមស្តាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖