(ភ្នំពេញ)៖ ដើម្បីរួមកម្លាំងលើកស្ទួយកំណើនទេសចរណ៍ជាតិ ក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានបង្កើនគោលដៅដឹកជញ្ជូនភ្ញៀវទេសចរពីតំបន់កោះនៅប្រទេសវៀតណាម មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយក្រសួងក៏បានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនេះ រួមគ្នាផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងប្រទេសដល់ភ្ញៀវទេសចរឱ្យកាន់តែទូលំទូលាយ។
សំណើទាំងនេះលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយអ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ អ្នកឧកញ៉ា សួរ វិរៈ បានលើកឡើងពីសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអាជីវកម្មក្នុងវិស័យទេសចរណ៍មួយចំនួន ដែលបានរួមចំណែកដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ជាតិ។ អ្នកឧកញ៉ាបានបន្តថា «ក្រុមហ៊ុនក៏មានផែនការបង្កើនគោលដៅដឹកជញ្ជូនភ្ញៀវទេសចរពីតំបន់កោះនៅប្រទេសវៀតណាម មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា មានដូចជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង»។
អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំបានស្នើសុំការសម្របសម្រួលបែបបទចេញចូល ជូនភ្ញៀវទេសចរដែលធ្វើដំណើរទៅមកតាមផ្លូវទឹក ដើម្បីធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិទាំងនោះ ធ្វើដំណើរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។
ជាមួយនឹងការគាំទ្រចំពោះផែនការខាងលើនេះ លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានទទួលយកសំណើរបស់អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងសន្យាផ្ដល់កិច្ចសហការ ផ្ដល់ការសម្របសម្រួលជាមួយប្រតិបត្តិករក្រុមហ៊ុន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ។
លោករដ្ឋមន្ត្រីក៏បានស្នើទៅកាន់អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន សូមរួមសហការជាមួយក្រសួងទេសចរណ៍ក្នុងស្មារតីខ្មែរតែមួយ ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ជាពិសេសសហការបង្កើតជាឃ្លីបវីដេអូនិងរូបថតកម្រិតខ្ពស់ ដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យបានឃើញ បានស្គាល់ និងមកទស្សនាគោលដៅទេសចរណ៍ទាំងនោះ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុនវីរៈប៊ុនថាំបានផ្តល់សេវាកម្មជូនអតិថិជនយ៉ាងហោចជាង៤.៣លាននាក់។ ក្រៅពីគ្របដណ្តប់នៅប្រទេសកម្ពុជា ក្រុមហ៊ុនវីរៈប៊ុនថាំក៏បានពង្រីកការដឹកជញ្ជូនទៅដល់ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងនោះមានទីតាំងជាង២៦០ និងអ្នកតំណាងជាង៧៥០កន្លែង ជាមួយនឹងការផ្ដល់ការងារដល់បុគ្គលិកជិត៥,៣០០នាក់៕