(ភ្នំពេញ)៖ យុវជន ស៊ូ សុបញ្ញា ជានិស្សិតមួយរូបទើបបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញា​បត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស។ សុបញ្ញា និងនិស្សិតដទៃទៀត ទើបនឹងទទួលបានសញ្ញាបត្រ ដែលពិធីចែក​សញ្ញា​បត្រធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

យុវជន ស៊ូ សុបញ្ញា ជានិស្សិតមកពីខេត្តកំពង់ចាម។ ក្រោយបញ្ចប់ការ​សិក្សា​មធ្យម​សិក្សាទុតិយភូមិនៅឆ្នាំ២០១៩ យុវជន សុបញ្ញា ទទួល​បានអាហា​រូប​ករណ៍​​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីសិក្សា​ថ្នាក់​ឧត្តមសិក្សា។ សុបញ្ញា បានចាប់យកការសិក្សា​ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ត​អង់​គ្លេស ផ្នែកទំនាក់ទំនង នៅសាកលវិទ្យាល័យធនធានមនុស្ស។​

សុបញ្ញា បានថ្លែងថា អាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត មានគុណតម្លៃខ្ពស់ណាស់សម្រាប់រូបគេ។​ អាហារូបករណ៍នេះ ជួយ​ផ្តល់ឱកាសឱ្យរូបគេបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ហើយជួយ​សម្រាលបន្ទុកការចំណាយផ្សេងៗផងដែរ។

ក្រោយបញ្ចប់ការសិក្សា សុបញ្ញា ក៏មានការងារធ្វើសមរម្យ ដើម្បីជួយដល់ការរស់នៅផ្ទាល់ខ្លួន និងបានជាចំណែកខ្លះជួយដល់គ្រួសារផងដែរ។ យុវជន ស៊ូ សុបញ្ញា បានគោរពថ្លែងអំណរគុណសម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ដល់រូបគេឱ្យទទួលបានឱកាសសិក្សារៀនសូត្របានខ្ពស់៕