(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ ដែលនឹង​ធ្វើ​ឡើង​នៅ​ទីលាន​វាយកូនគោល ឈុន អូន ហ្គហ្វ រីសត។

ការប្រកួតកីឡាវាយកូនគោលដណ្តើម «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៤នេះ មានរយៈពេល ២៦ឆ្នាំ​ហើយ។ សម្រាប់ការប្រកួតឆ្នាំនេះ ក៏ដើម្បីអបអរសាទរ «ទិវាសន្តិភាព​នៅ​កម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ជាថ្ងៃ បុណ្យ​ជាតិផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា​ដ៏ពិសិដ្ឋរបស់​ប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ការរក្សាវប្បធម៌​សន្តិភាព ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងជាការ​រំលឹក​ដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាង​បាន​នូវសន្តិភាពនិងឯកភាពជាតិពេញលេញ ដោយនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

កម្ពុជា ជាប្រទេសដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាមប្រមាណ៣ទសវត្សរ៍ កុំថា​ឡើយការលេងកីឡាវាយកូនហ្គោល ដែលជាប្រភេទកីឡារបស់​អភិជន​នោះ សូម្បីតែការប្រកួតកីឡាទូទៅក៏មិនអាចធ្វើបាននោះដែរ។ ២៦ឆ្នាំដែល​កម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បានធ្វើឱ្យកម្ពុជាមានឱកាស​ពេញ​លេញក្នុងការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យ​កីឡា​ផងដែរ។ វិស័យកីឡារបស់កម្ពុជា មិនត្រឹមមានការអភិវឌ្ឍសមត្ថភាព​កីឡាករ ឬអត្តពលិកប៉ុណ្ណោះទេ តែបច្ចុប្បន្នកម្ពុជា ក៏មានសមត្ថភាពអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡា ហើយក៏មានសមត្ថភាពទៅរៀប​ចំ​ព្រឹត្តិការណ៍ប្រកួតកីឡានានានៅកម្ពុជាថែមទៀតផង។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ មិន​ត្រឹមតែអបអរដល់សុខសន្តិភាពដែលកំពុងមានប៉ុណ្ណោះទេ តែក៏ជាសារ​បង្ហាញ​ពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ សុខសន្តិភាពធ្វើឱ្យកម្ពុជា មានឱកាសកសាងសង្គមឱ្យកាន់តែរីកចម្រើន ហើយក៏មានឱកាសកូន អ្នកវិនិ​យោគជាកូនខ្មែរ អាចសាងសង់ទីលានវាយកូលគោល​តម្លៃរាប់​រយ​លាន​​ដុល្លារ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អ្នកចូលចិត្តលេង​កូនគោល​ផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោល។ កីឡាករដែល​ចូលរួមប្រកួតនេះជាឥស្សរជននយោបាយជាន់ខ្ពស់ជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋា​ភិបាល ព្រមទាំងថ្នាក់ដឹកនាំមកពីតាមបណ្តា​ក្រសួង​ ស្ថាប័ននានារបស់រដ្ឋ អភិបាលខេត្ត និងកីឡាករវាយកូនគោលជម្រើសជាតិមួយចំនួនទៀត៕