(ព្រះវិហារ)៖ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ ពោលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២,៦៥០ករណី បណ្តាលឲ្យប្រជាពលរដ្ឋចំនួន១,៤០២ស្លាប់បាត់បង់ជីវិត, របួសធ្ងន់ចំនួន២,១២២នាក់ និងរបួសស្រាលចំនួន១,៣៧១នាក់។
ការថ្លែងរបស់លោក ព្រំ វន្ថា ក្នុងឱកាសចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រះវិហារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក យុង គឹមហាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធាន ស.ស.យ.ក ខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោក អ៊ូ សៅឌី អនុប្រធានមន្ទីរ តំណាងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក ខេត្តជាច្រើនរូបទៀត។
លោក ព្រំ វន្ថា បានបញ្ជាក់ថា ហេតុផលដែល ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន បង្កើតឡើងឲ្យមានវគ្គបណ្តុះបណ្តាលនេះ គឺដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បាននិងកំពុងបន្តកើតឡើងឥតឈប់ឈរ ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការជាក់លាក់មួយ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងអ្នករបួស។ គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រះវិហារ។
ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ បានបន្ដថា បើប្រៀបធៀបរយៈពេល១១ខែឆ្នាំ២០២៤ និង១១ខែឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ថយ៣៥៤ករណី អ្នកស្លាប់ថយ២៧នាក់ អ្នករបួសធ្ងន់ថយ៣៩៨នាក់ អ្នករបួសស្រាលថយ៤០៧នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍ថយចំនួន៤៩៦នាក់។
លោក យុង គឹមហ៊ាន អភិបាលខេត្តព្រះវិហារ និងជាប្រធាន ស.ស.យ.ក ខេត្ត ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្ត បានថ្លែងអំពាវនាវឲ្យបណ្តាគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅប្រែក្លាយផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធិភាពខ្ពស់។
ដោយឡែកលោក អ៊ូ សៅឌី អនុប្រធានមន្ទីរ ក្នុងនាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានថ្លែងថា៖ វគ្គបណ្តុះបណ្តាលដែលរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន នាពេលនេះ គឺដើម្បីជាការពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស.ស.យ.ក ខេត្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប៕