Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសម ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

27-12-2024 19:37

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោកស្រី ឡេ ធី ធូ ហាំង (H.E. Ms.Le Thi Thu Hang) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន គណៈកម្មាធិការប្រជាជនរៀតណាម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសាលារាជធានីភ្នំពេញ។

លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូក៏បានចូលមកសួរសុខទុក្ខលោក ឃួង ស្រេង ដែលពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងររាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក។

លោកស្រីបានសម្តែងនូវអំណអរគុណ ចំពោះលោកអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី។

ក្នុងជំនួបនោះ លោកស្រីបានថ្លែងការកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង បានធ្វើឲ្យរាជធានីភ្នំពេញ មានអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់។

លោកស្រីបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់ និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ ជូនចំពោះ លោក ឃួង ស្រេង និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញពិសេសជូនពរក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២៥ ខាងមុខនេះ។

ជាការឆ្លើយតប លោក ឃួង ស្រេង ថ្លែងអំណគុណលោកស្រី និងគណៈប្រតិភូ បានអញ្ជើញមកសួរសុខទុក្ខលោក ហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាម និងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរគ្នាពីការអភិវឌ្ឍនៃទីក្រុង នៃប្រទេសទាំងពីរផងដែរ៕