(កំពង់ធំ)៖ ក្រុមការងារអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហៅកាត់ អ.ម.ត បានចុះសំណេះ​សំ​ណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលអាហារូបករណ៍ អ.ម.ត ដល់​បេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ ដើម្បីសិក្សានៅក្នុងខេត្តកំពង់ធំ។

កិច្ចសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលអាហា​រូប​ករណ៍ អ.ម.ត នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ពិធីនេះដឹកនាំដោយ លោក ប៊ុន ចំរើន អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ធំ។

ប្រព័ន្ធឌីជីថលអាហារូបករណ៍ អ.ម.ត គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយបង្កើត​ឡើង ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង ផ្តល់ព័ត៌មាន ក៏ដូចជា​ការ​ចុះ​ឈ្មោះ​ស្នើសុំអាហារូបករណ៍។ បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច​មហាបវរ​ធិបតី និងលោកជំទាវ​បណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សានៅថ្នាក់​ឧត្តម​សិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះ ទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សា៕