(ភ្នំពេញ)៖ ផ្លូវក្រាលបេតុងចំនួន ៤ខ្សែ នៅក្នុងក្រុងសំពៅពូន ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានស្ថាបនាឡើងស្របតាម បច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ បានរួមចំណែករួមចំណែកធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជួយសម្រួលចរាចរណ៍ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ។
លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំគណៈកម្មកាអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ ប្រវែងសរុប ២ ៧៨០ ម៉ែត្រ ស្ថិតនៅភូមិខ្ពប ភូមិកប៉ាល់គឿង ភូមិព្រែកស្ទឹង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែធ្នូ នេះ បាន រំលេចអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានកំពុងកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងការជំរុញអភិវឌ្ឍនៅតាមជនបទ, ទាំងផ្នែក សេដ្ឋកិច្ច និងសង្គមកិច្ច, គឺដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន ឱ្យមានជីវភាពរស់នៅធូរធារ និងសំបូររុងរឿង។
លោកបន្តបន្តថា ការស្ថាបនាផ្លូវបេតុង ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទនៅទីនេះ ពិតជាមានសារៈ សំខាន់ណាស់ ដើម្បីសម្រួលដល់ចរាចរណ៍នៅក្នុងក្រុង ការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងបរិស្ថាន ដែលជាការចូលរួមជំរុញ ឱ្យទីក្រុងមួយនេះ ជាទីក្រុងដែលទាក់ទាញ ជាពិសេសការស្រូបយកសក្តានុពលវិនិយោគផ្សេងៗ ស្របតាមការគិតគូរយកចិត្តទុក របស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនកើនឡើងជាបន្តបន្ទាប់ និងដើម្បីឈានទៅសម្រេចជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ទន្ទឹមគ្នានេះ លោកបានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ស្ថាបនាផ្លូវនេះឡើង ស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយ គុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង ។
នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោក សាន វិសាល បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងសិល្បការ្យផ្សេងៗនៅក្នុងមូលដ្ឋានរបស់ ពួកគាត់ រក្សាឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់យូរអង្វែង។
លោក បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕