(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់នគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបន្ដខិតខំស្រាវជ្រាវស៉ើបអង្កេតស្វែងរកមុខសញ្ញាជនបរទេស ដែលលួចជ្រៀតចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ និងឈានដល់ការប្រព្រឹត្តបទល្មើសនានា។
ការណែនាំបែបនេះរបស់លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក្នុងឱកាសអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ ចូលប្រទេសរបស់ជនបរទេសឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឲ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរ នៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
បន្ថែមពីនេះ ត្រូវបង្កើនកិច្ចសហការ ផ្លាស់ប្តូរ ព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឲ្យបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ដោយឡែក ចំពោះការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ត្រូវបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឲ្យបានច្បាស់លាស់តាមស្មារតីនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីអន្តោប្រវេសន៍ ពិសេសត្រូវចាត់តាំងការអនុវត្តឱ្យបានជោគជ័យនូវផែនការរបស់ក្រសួងមហាផ្ទៃ។ ហេតុនេះ ស្នើដល់ស្នងការដ្ឋាននគរបាល រាជធានី ខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យទទួលលទ្ធផលល្អ ដោយហេតុថាប្រតិបត្តិករសំខាន់ក្នុងការអនុវត្តផែនការខាងលើ គឺប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលមានតួនាទីគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន សំដៅធានា ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ជាមួយនោះ ត្រូវណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទដែលមានជនបរទេសស្នាក់នៅឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចនៃការរាយការណ៍វត្តមានស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS និង ត្រូវចាត់វិធានការក្នុងការផាកពិន័យដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលមិនបានរាយការណ៍អំពីវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាគតិយុត្តជាធរមាន។
ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានជំរុញឲ្យបន្តផ្សព្វផ្សាយ និងជំរុញឲ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។
ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងសន្និបាតបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ជនបរទេសប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា ចំនួន៩,២៤២នាក់ ក្នុងនោះ បទល្មើសអន្តោប្រវេសន៍៦,៣៩៨នាក់ រួមមាន៖ លួចឆ្លងដែនដោយខុសច្បាប់, ធ្វើការខុសច្បាប់, ស្នាក់នៅលើសទិដ្ឋាការកំណត់ និងបទល្មើសព្រហ្មទណ្ឌ៕