(ភ្នំពេញ)៖ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណសាកសពបុរសម្នាក់ ដែលត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់ ទម្លាក់ចូលក្នុងទឹក ប្រឡាយ កប់ក្រោមសំរាម នៅចំណុចក្នុងប្រឡាយទឹក ស្ថិតនៅតាមបណ្ដោយផ្លូវលំ ខាងក្រោយសួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមាន ឈ្មោះ កៅ ផា អាយុ៤៨ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួលពីស្វាយរៀង មកភ្នំពេញ ហើយមានទីលំនៅក្នុងភូមិត្រពាំងរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
បុរសនោះមានប្រពន្ធ២នាក់ គឺប្រពន្ធដើម និងប្រពន្ធចុង ហើយការស្គាល់អត្តសញ្ញាណគាត់នោះ គឺបន្ទាប់ពីប្រពន្ធគាត់ទាំងពីរនាក់ រួមជាមួយកូនបានបាត់ប្ដី និងឪពុកយូរថ្ងៃ មិនឃើញត្រឡប់ ទៅផ្ទះហើយសង្ស័ថាស្លាប់ និងបានឃើញសារព័ត៌មានផ្សាយថា ប្រទះឃើញសាកសពបុរសម្នាក់ ទើបនាំគ្នាទៅកាន់ ប៉ុស្ដិ៍ចោមចៅ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ហើយក៏បានស្គាល់ថា ជាប្ដី និងឪពុករបស់ខ្លួន។
ប្រពន្ធ២ទាំង របស់បុរសនោះ មានឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ (ប្រពន្ធដើម) ហើយមានកូនចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ ហើយគាត់រស់នៅជាមួយប្រពន្ធដើម ចំណែកប្រពន្ធចុងឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិតាហង់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រពន្ធទាំង២របស់ជនរងគ្រោះ បានបញ្ជាក់ថា សម្ភារៈដែលបាត់បង់ រួមមាន រថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-4728 និងចិញ្ចៀនមាសមួយវង់ ទម្ងន់៥ជី។
ប្រភពដដែល បន្តថា មុនពេលបាត់ខ្លួនជនរងគ្រោះ មានបុរសម្នាក់ឈ្មោះ សូ ផា ហៅ អ៊ូក អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តឈ្នួលដែរ និងមានទីលំនៅ ក្នុងភូមិជាមួយគ្នា បានជួលរថយន្តប្ដីគាត់ជិះ ដោយប្រាប់ថាទៅកាន់ ខេត្តសៀមរាប ទាំងទៅ ទាំងមកក្នុងតម្លៃ២៥០ដុល្លារ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយ ក៏បានចាកចេញពីផ្ទះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ខណៈនោះរូបគាត់ ដែលជាប្រពន្ធដើម បានទំនាក់ទំនងសួរនាំ ប្ដីតាមទូរស័ព្ទ ជាញឹកញ៉ាបហើយ បានខលចូល និងទាក់ទង គ្នាបានរហូតដល់ វេលាល្ងាចថ្ងៃដដែល ស្រាប់តែខលលែងចូល រហូតដល់ពេលមានការភ្ញាក់ផ្អើលថា ប្រទះឃើញសាកសពតែម្ដង ហើយពួកគាត់បានស្គាល់ថាជាប្ដី តាមរយៈខ្សែកក្រវ៉ាត់ និងសម្លៀលបំពាក់ របស់គាត់ដែលប្រើប្រាស់រាល់ថ្ងៃ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីនេះ មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលមួយ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ដោយប្រជាពលរដ្ឋបានប្រទះឃើញ សាកសពបុរសម្នាក់មានសភាពហើមស្អុយរលួយ ត្រូវបានឃាតកចងជើងច្បត់ភ្ជាប់ទៅនឹងចង្កេះ ហើយភ្ជាប់ជាមួយថ្ម១ដុំ ទម្លាក់ក្នុងទឹកប្រឡាយ តែមុននឹងទម្លាក់ចូលក្នុងទឹក ជនរងគ្រោះត្រូវឃាតករឹតកជាមុនសិន ទើបទម្លាក់ក្នុងទឹកក្រោយ៕