(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលមានលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទលក់ជូនដល់ប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា «រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ទៅតាមសំណូមពររបស់ឱសថការី បច្ចេកទេសសុខាភិបាល ហើយនិតិវិធីបន្ដគឺយើងកំពុងតែធ្វើការជាមួយនាយកដ្ឋានឱសថ ក្រសួងសុខាភិបាល និងគណៈឱសថការី»។
លោកបានបញ្ជាក់ថា «ករណីខាងលើនេះ ក្រៅពីឈានទៅដល់ការបិទ យើងនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធថានឹងត្រូវដាក់បន្ទុកអ្វីបន្ថែមទៀត។ លោកបានបញ្ជាក់ទៀតថា ក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងតែចុះត្រួតពិនិត្យជាប់ជានិច្ច នៅតាមឱសថស្ថាននានា។
ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អាជីវករដែលលក់ឱសថស្ថានទាំងអស់ សូមគោរពទៅតាមគោលការណ៍ និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ស្ដីពីការគ្រប់គ្រងឱសថរបស់ព្រះរាជាណាចក្រកម្ពុជា សូមអនុវត្ដន៍ឱ្យបានត្រឹមត្រូវបំផុត ព្រោះថាការលក់ឱសថនេះ គឺទាក់ទងនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះស្នើឱ្យឱសថស្ថាន លក់តែឱសថមានគុណភាព និងស្របច្បាប់ ឬមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត ងី មានហេង៕
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ