(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន១០០ប៊ីលានរៀល (ប្រមាណជិត ២៥លានដុល្លារអាមេរិក) សម្រាប់ការបន្តដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រី រាជការស៊ីវិល និងអតីតយុទ្ធជន។ នេះបើតាមរយៈសេចក្តីថ្លែងហេតុ នៃច្បាប់ថវិកា ឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបផ្សព្វផ្សាយ ក្នុងសប្តាហ៍នេះ។
តាមរយៈសេចក្តីថ្លែងហេតុនៃច្បាប់ថវិកា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ប្រាក់សោធនប្រចាំខែរបស់និវត្តជន ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រួមទាំងជនបាត់បង់សមត្ថភាពការងារ និងជនពិការត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយផ្តោតការយកចិត្ត ទុកដាក់លើប្រាក់សោធនអប្បបរមា និងលើការបន្ថយគម្លាតរវាងប្រាក់សោធនអប្បបរមា និងអតិបរមា។
ជាក់ស្តែងជាលទ្ធផល នៃការបញ្ចប់ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល អំពីការធ្វើសមាហរណកម្ម ប្រាក់សោធនតាមប្រព័ន្ធបៀវត្សចាស់ ចូលទៅក្នុងប្រព័ន្ធបៀវត្សថ្មី ក្នុងរយៈពេល២ឆ្នាំ (២០២៣- ២០២៤) ដើម្បីដោះស្រាយបញ្ហាគម្លាតរវាង អ្នកចូលនិវត្តចាស់និងថ្មី ប្រាក់សោធនអប្បបរមា ប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) ត្រូវបានដំឡើងដល់៧៧ម៉ឺនរៀល នៅឆ្នាំ២០២៣ និងឡើងដល់៨២.៥ម៉ឺនរៀល នៅឆ្នាំ២០២៤។
លើសពីនេះ សម្រាប់ឆ្នាំ២០២៥នេះដែរ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ១២០ប៊ីលានរៀល សមមូលនឹងប្រមាណជិត ៣០លានដុល្លារអាមេរិក ដោយឡែកផ្សេងទៀត សម្រាប់ការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ ដោយផ្តោតជាសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រី និងស្ថាប័នតាមរយៈការលើកទឹកចិត្ត ចំពោះមន្ត្រីដែលមានគុណវុឌ្ឍ ហើយកិច្ចការនេះនឹងត្រូវបន្តដាក់ អនុវត្តក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន ៧៩.២ប៊ីលានរៀល (ជាចំណាយមិនមែនបន្ទុកបុគ្គលិក) សម្រាប់ការថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន ព្រមទាំងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីលានរៀល សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការ៕