(កំពង់ធំ)៖ ក្នុងពិធីប្រគល់ទោង សម្រាប់សិស្សថ្នាក់មតេ្តយ្យសិក្សា នៅបរិវេណបឋមសិក្សា-អនុវិទ្យាល័យព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានជំរុញឲ្យមាតាបិតាបញ្ជូនកូនទៅរៀន ឲ្យបានចាប់កម្រិតថ្នាក់សិក្សា។
លោកស្រីបានផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំជូនចំពោះបងប្អូន ពិសេសចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោកស្រីបញ្ជាក់ថា ការផ្តល់សម្ភារនេះ គឺជាការចូលរួមចំណែកជាមួយសហគមន៍ និងសាលារៀន ក្នុងការអភិវឌ្ឍន៍ដើម្បីទាក់ទាញឲ្យសិក្សានុសិស្ស បានមកសិក្សារៀនសូត្រ ហើយវាជាផ្នែកមួយ ជួយកាត់បន្ថយអត្រាបោះបង់ការសិក្សា និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើគ្រប់វិស័យដោយផ្តោតសំខាន់ លើការបណ្ដុះធនធានមនុស្ស ដែលជាកម្លាំងចលករ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះដែរ លោកស្រីបានអំពាវនាវដល់មាតាបិតាទាំងអស់ ឲ្យអប់រំដល់កូនៗឲ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ ចេះពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗ ពិសេសលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលរបស់សិស្ស ត្រូវរួមគ្នា ពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌មួយចំនួនផងដែរ។
លោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយគាំទ្រជាថវិកា សម្ភារៈ ដើម្បីកូនៗនិងសាលារៀនមានការរីកចម្រើន ពិសេសកូនៗបានលេងសប្បាយនៅពេលចេញលេងឬសម្រាកពីការសិក្សា។
លោក ជឿន ខុន ជំនួសមុខឱ្យគណៈកម្មការគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សូមថ្លែងអំណរគុណដល់លោកស្រី ឃុន ឃុនឌី និងសប្បុរសជន ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត និងថវិកា ក្នុងការអភិវឌ្ឍសាលារៀនបន្ថែម ដើម្បីឱ្យជាទីមេត្រីសម្រាប់កុមារ នៅសាលាមត្តេយ្យសិក្សាព្រៃគុយនេះ សូមឱ្យលោកស្រីព្រមទាំងសប្បុរសជនចូលរួមជួយកសាងបន្ថែមទៀត និងសូមឱ្យជួបតែសេចក្តីសុខនិងមានសុខភាពល្អ៕