(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការ ប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងលោកប្រធានសាលាដំបូងខេត្តបាត់ដំបង, គណៈអភិបាលខេត្ត,ក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាល ក្រុង ស្រុក ថ្នាក់ដឹកនាំជាស្រ្តី មន្រ្តីរាជការ អង្គការសង្គមស៊ីវិលនានា ជាដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលក្នុងខេត្ត យុវជន សិស្ស និស្សិតជិត ៥០០នាក់ នៅសាលប្រជុំសាលាខេត្តដំបង។

លោកស្រី កែវ ដាណា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបង( គ ខ ប ជ) បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងលទ្ធផលស្តីពីការងាររបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តបាត់ដំបង១ឆ្នាំ កន្លងមក។

លោកស្រីបានបន្តថា ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

ក្នុងឱកាសនោះលោក សុខ លូ បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ រួចមក។

លោកអភិបាលខេត្តបានបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់នាំកំពូលពីថ្នាក់ជាតិ និងគ្រប់លំដាប់ថ្នាក់ មានការណែនាំគ្រប់ជ្រុងជ្រោយ ដូច្នេះ យើងទាំងអស់គ្នា រួមគ្នា ទាំងអាជ្ញាធរ សមត្ថកិច្ចគ្រប់មូលដ្ឋាននាំគ្នាទប់ស្កាត់ឱ្យបានពីការជួញដូរមនុស្សគ្រប់រូបភាព គ្រប់រូបទម្រង់ ការឆ្លងដែនដោយខុសច្បាប់ គ្រឿងញៀន ក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទកុំឱ្យមានកើតឡើងនៅក្នុងខេត្តបាត់ដំបង ពិសេសមេខ្យល់លួចពលករឆ្លងដែនដោយខុសច្បាស់ នៅតាមច្រកព្រំដែន កម្ពុជា ថៃ ជាដើម។

លោកក៏បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវនាំគ្នាទប់ស្កាត់ឱ្យបានមិនឱ្យកើតមានជាដាច់ខាត នៅតាមមូលដ្ឋានដែល ជាដែនសមត្ថកិច្ចរបស់ខ្លួន បើសិនមានករណីនេះកើតឡើងនៅមូលដ្ឋានណា អាជ្ញាធរ សមត្ថកិច្ចនៅទីនោះជាអ្នកទទួលខុសត្រូវ៕