(សៀមរាប)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពុទ្ធិកសិក្សារាជបូណ៌ ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្ត និង​ចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះលោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា ក្រោមព្រះទ័យផ្តួចផ្តើមរបស់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងកិច្ចគាំទ្រទាំងស្មារតី និងសម្ភារៈរបស់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ដែលលោកទាំងពីរជាពុទ្ធបរិស័ទគោរពយ៉ាងខ្ជាប់ខ្ជួន និងដើរតាមមាគ៌ាព្រះពុទ្ធសាសនា ដោយជានិច្ចកាល លោកទាំងពីរតែងតែជួយជ្រោមជ្រែងឧបត្ថម្ភដល់ការកសាងអគារពុទ្ធិកសិក្សា វត្តអារាម គ្រឿងសម្ភារៈប្រើប្រាស់ និងសិក្សា សម្រាប់ជាថ្នាលបណ្តុះបណ្តាល ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា និងការបោះពុម្ពសៀវភៅធម៌ ដើម្បីជាធម្មទានដល់វត្តអារាមនានា។ 

លោកស្រីបណ្ឌិត បន្តថា ចាប់តាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្ន វត្តរាជបូណ៌មានព្រះគ្រូចៅអធិការចំនួន ១០អង្គ ដោយបច្ចុប្បន្នមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះគ្រូចៅអធិការ ដែលសម្តេចបានរៀបចំឱ្យមានសាលាពុទ្ធិកវិទ្យាល័យ ដែលមានបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បាលីសំស្ក្រឹត ព្រះពុទ្ធសាសនា សីលធម៌ រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា សង្គមវិទ្យា វិទ្យាសាស្ត្រ និងមានសមណសិស្សប្រមាណជាង ៥០០អង្គ បានធ្វើការសិក្សាជារៀងរាល់ឆ្នាំ។

លោកស្រីបណ្ឌិត បានបន្តថា សម្តេចបានរៀបចំបង្កើតឱ្យមានស្ថានីយវិទ្យុសម្រាប់ផ្សព្វផ្សាយដល់គ្រប់ទីកន្លែង ទាំងវិស័យព្រះពុទ្ធសាសនា វប្បធម៌ និងការអប់រំនានា សំដៅរក្សា និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងអភិរក្សវប្បធម៌ ព្រមទាំងបង្កើតមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ សម្រាប់បង្ហាត់បង្រៀនចំណេះដឹងខាងផ្នែករបាំ ផ្នែកចម្លាក់ក្បាច់និងគំនូរ ផ្នែកភ្លេងបុរាណ មានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ និងភ្លេងប្រពៃណី ដើម្បីរក្សាវប្បធម៌ឱ្យផូរផង់ រស់រវើក និងថ្កុំថ្កើង។

លោកស្រីបណ្ឌិត បន្ថែមថា សម្តេចបានផ្តួចផ្តើមកសាងព្រះវិហារ ឧបដ្ឋានសាលា កុដិ សាលាបាលី និងសាលាសិល្បៈ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ព្រះគំរូវីរភាព សមិទ្ធផល និងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងអស់នេះ ជាការរួមចំណែកដ៏ធំធេងរបស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងការថែរក្សាតម្លៃព្រះពុទ្ធសាសនា ក៏ដូចជាការរក្សាមរតកវប្បធម៌ជាតិឱ្យរុងរឿង។ 

លោកស្រីបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ដែលបានផ្តួចផ្តើមព្រះទ័យក្នុងការកសាងអគារពុទ្ធិកសិក្សារាជបូណ៌នេះ សម្រាប់ប្រគេនការអប់រំដល់ព្រះសង្ឃផង និងទុកជាកេរដំណែលព្រះពុទ្ធសាសនា។ អគារពុទ្ធិកសិក្សារាជបូណ៌នេះ សាងសង់លើផ្ទៃដីទំហំ ៣៤២ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៣៦ ម៉ែត្រ និងទទឹង ៩,៥ ម៉ែត្រ និងមានកម្ពស់ ៤ជាន់ រួមទាំងជាន់ផ្ទាល់ដី ដែលមានបណ្ណាល័យចំនួន ១ សាលប្រជុំធំចំនួន ១ និងបន្ទប់រដ្ឋបាលចំនួន ១ ហើយបីជាន់ខាងលើជាបន្ទប់សិក្សាសរុបចំនួន ១២ បន្ទប់ ដែលក្នុងនោះមាន កុំព្យូទ័រលើតុចំនួន ៣០គ្រឿង, LCD Projector និងស្រ្គីន LCD (Screen LCD) ចំនួន ៣ឈុត, ម៉ាស៊ីនត្រជាក់ ចំនួន ៥គ្រឿង, កង្ហារ ៦៤គ្រឿង, តុកៅអីសរុបចំនួន ៤៧៩ និងសម្ភារៈគ្រឿងបរិក្ខារចាំបាច់ផ្សេងៗមួយចំនួនទៀត។

លោកស្រីបណ្ឌិត ជា សិរី ក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បីប្រគេនព្រះតេជគុណ ព្រះថេរានុត្ថេរៈ សមណសិស្ស និងចែកជូនគ្រូបង្រៀន អាចារ្យ និងតាជី-យាយជី ព្រមទាំងគណៈកម្មការ និងក្រុមការងារជាង សរុបប្រមាណ ២៩២អង្គ/នាក់ផង​ដែរ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ មានសង្ឃដីកាថា តួនាទីរបស់ពុទ្ធិកសិក្សា គឺជាស្ថាប័ណ្ណមួយដើរតួយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងបព្វជិត និងគ្រហស្ថ ឲ្យយល់ដឹងទាំងព្រមនូវចំណេះដឹងទូទៅ ម្យ៉ាងទៀតការសិក្សាក្នុងវិស័យនេះ មានលក្ខណៈពិសេសត្រង់ថា សមណសិស្ស សិស្ស និស្សិត ទទួលបាននូវចំណេះដឹងផ្នែកព្រះពុទ្ធសាសនាយ៉ាងទូលំទូលាយ។

សម្តេចព្រះព្រហ្មរតនមុនី សង្ឃដីកាបន្តថា ពុទ្ធិកសិក្សាមានសារប្រយោជន៍យ៉ាងសំខាន់ គឺជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនាដែលថ្មីៗនេះអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលគណៈសង្ឃនាយកបានលើកទិសដៅឲ្យមន្ត្រីសង្ឃគ្រប់ឋានានុក្រមយកព្រះទ័យទុកដាក់ ក្នុងការសិក្សារៀនសូត្ររបស់ភិក្ខុសាមណេរ ជាពិសេសចៅអធិការវត្តនីមួយៗត្រូវជម្រុញឲ្យភិក្ខុ សាមណេរបានចូលសិក្សានៅក្នុងប្រព័ន្ធពុទ្ធិកសិក្សាឲ្យបានគ្រប់ៗរូប។

សម្តេចព្រះព្រហ្មរតនមុនី សង្ឃដីកាទៀតថា បន្ទាប់ពីបានចូលរួម អនុសំវច្ឆរមហាសន្និបាតលើកទី៣២រួចមកខ្ញុំព្រះករុណា អាត្មាភាព បាននិមន្តមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក និងចៅអធិការវត្ត មកណែនាំឲ្យរៀបចំយកព្រះទ័យទុកដាក់ចំពោះពុទ្ធិកសិក្សាដែល កំពុងតែសិក្សាបច្ចុប្បន្នឲ្យមានគុណភាព និងត្រូវបង្កើតពុទ្ធិកសិក្សាបន្ថែមនៅតាមបណ្តាវត្តដែល មានទីតាំងអំណោយផលនៅជាប់ជិតរវាងវត្ត និងវត្ត (ជាកម្រង) ដែលបង្កភាពងាយស្រួល ប្រគេនព្រះសង្ឃបានសិក្សារៀនសូត្រគ្រប់ទីកន្លែងផងដែរ៕