Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុវត្តបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី! កម្លាំងនគរបាលឃាត់ក្មេងទំនើង៥នាក់ នៅខណ្ឌពោធិ៍សែនជ័យ ក្រោយរកឃើញដាវកែច្នៃ១ដើម

27-12-2024 14:03

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឃាត់ក្មេងទំនើង៥នាក់ ក្រោយរកឃើញដាវកែច្នៃ១ដើម។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការ បញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២២៖៣០នាទី មុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ចេញល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្ដិសុខជូនបងប្អូនប្រជាពលរដ្ឋ លុះដល់ផ្លូវបេតុង ស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែជួបក្មេងទំនើងចំនួន ១ក្រុម មានគ្នាចំនួន ០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង ក៏បានធ្វើការចុះត្រួតពិនិត្យឆែកឆេរ ឃើញដាវកែច្នៃចំនួន០១ដើម រួចសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីធ្វើការសាកសួរតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យកំពុងសួរនាំអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕