(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឱ្យផ្សព្វផ្សាយការយល់ដឹងអំពី អំពើជួញដូរមនុស្ស ការកេងប្រវ័ញកម្លាំងពលកម្មកុមារ អំពើហិង្សាលើកុមារ និងការរំលោភបំពានផ្លូវភេទ។
ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ដែលពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
បន្ទាប់ពីបានស្តាប់សន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបើក ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៨ ឆ្នាំ២០២៤ ដែលអានដោយលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តរួចមក លោក គីម រិទ្ធី បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ នាឱកាសនេះ។
លោក គីម រិទ្ធី ក៏បានថ្លែងនូវការពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៍ឈ្លាសវៃ និងប៉ិនប្រសព្វ បន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក គីម រិទ្ធី បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ អង្គការដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖
* សូមបន្តរួមសាមគ្គីភាព ខិតខំបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ខិតខំដោះស្រាយបញ្ហានៅមូលដ្ឋាន កសាងខ្លួនជាមន្ត្រីល្អ សក្កិសមនឹងការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»
* មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពី កម្មករនិយោជិត និងប្រជាពលរដ្ឋដែលចំណាកស្រុកទៅរកការងារធ្វើ ជាពិសេសគឺការចំណាកស្រុកទៅក្រៅប្រទេស
* យកចិត្តទុកដាក់ពង្រឹងការផ្សព្វផ្សាយ និងការអនិវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងតាមមូលដ្ឋាន
* សូមបន្តរៀបចំផ្សព្វផ្សាយតាមគ្រប់រូបភាពផ្សេងៗ នៅតាមអង្គភាពទីសាធារណៈ និងក្នុងបណ្តាញសង្គម Fackbook Telegram ជាដើមអំពីខ្លឹមសារទាំងឡាយនៃទិវាជាតិ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្រាប់ជាការដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់បានយល់និងចូលរួមបង្កា ទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស៕