(ភ្នំពេញ)៖ បន្ដការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កអំពើហិង្សានៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ វិបុល ហៅប៊ុល, ទី២៖ឈ្មោះ សែម ពន្លឺ, ទី៣៖ឈ្មោះ ផា រ័ត្ន, ទី៤៖ឈ្មោះ សំអាង វិទូ, ទី៥៖ឈ្មោះ ហុក យូរ, ទី៦៖ឈ្មោះ សួន លីហេង, ទី៧៖ឈ្មោះ សី អ៊ែនជី ភេទស្រី, ទី៨៖ឈ្មោះ ផន សុផាលីន ភេទស្រី និងទី៩៖ឈ្មោះ សួង ចន្ទសុភាវី ភេទស្រី។ បច្ចុប្បន្នការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។
សូមរំលឹកថា ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធន៍កម្មដាក់ទោសឲ្យធ្ងន់លើក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាដាក់គ្នា ក្រោយសម្ដេចយល់ថា បើសិនទោសបច្ចុប្បន្ននៅកម្រិតមួយស្រាល។
ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង៕