(កំពង់ស្ពឺ)៖ ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងគរបាលតាមបណ្ដាគោលដៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងនគរបាល អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានពួនស្ទាក់ហើយឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន៣ក្រុម។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមទី១ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន៣នាក់ និងដកហូតម៉ូតូ១គ្រឿង ដាវកែច្នៃ១ ទូរស័ព្ទ១គ្រឿង នៅចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកបសេដ្ឋ។
ក្មេងទំនើងទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ សួង សាន អាយុ២១ឆ្នាំ
*ទី២៖ ឈ្មោះ និន សុខណា អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ សឿន ភាក់ អាយុ២០ឆ្នាំ។ ក្មេងទំនើងទាំងនេះ បានសារភាពថា គោលបំណងដាក់អាវុធតាមខ្លួន គឺដើម្បីមើលគេរាំ និងការពារខ្លួនពីសត្រូវ។
ក្រុមទី២ ត្រូវបានកម្លាំងនករបាលឃាត់ខ្លួន២នាក់ និងដកហូតម៉ូតូ១គ្រឿង កាំបិតផ្គាក់១ ទូរស័ព្ទ១គ្រឿង ដោយឃាត់ក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ។
ក្មេងទំនើងទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ សៀក បញ្ញា អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ លន ណែម អាយុ២១ឆ្នាំ។ ពួកគេសារភាពថា គោលបំណងដាក់អាវុធតាមខ្លួន ដោយសារធ្លាប់មានជម្លោះជាមួយភាគីក្មេងទំនើងដើរយប់ដូចគ្នា គឺការពារខ្លួន និងត្រៀមប្រយុទ្ធ។
ក្រុមទី០៣ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន៣នាក់ និងដកហូតម៉ូតូ១គ្រឿង កាំបិតផ្គាក់១ដើម ដាវកែច្នៃ១ ដោយឃាត់លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។
ក្មេងទំនើងទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ វ៉ិត សំណាង អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ ប៊ុន ដា អាយុ១៨ឆ្នាំ
*ទី៣៖ ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង៣ក្រុមនេះ សុទ្ធតែជាមុខសញ្ញាគ្រប់គ្រងរបស់មូលដ្ឋាន និងធ្លាប់មានសកម្មភាព ប៉ុន្ដែជាក់ស្ដែងយប់នេះគឺពួកគេមិនអាចគ្មានឱកាសគេចឆ្លងដែនទៅប្រព្រឹត្ដបទល្មើសបាននោះទេ ដោយអនុវត្ដបទបញ្ជាដ៏ម៉ឺងម៉ាត់ និងការចង្អុលដឹកនាំផ្ទាល់ពីលោកស្នងការនគរបាលខេត្ត។
លោកវរសេនីយ៍ឯក ចន សុភីត បានបន្តទៀតថា កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានត្រៀមកម្លាំងអនុវត្ដតាមផែនការ២៤ម៉ោងលើ២៤ ដោយបង្កើនការប្រមូលផ្ដុំព័ត៌មានប្រើប្រាស់វិធានការស្រាវជ្រាវស៊ើបបញ្ជាក់ករណីនីមួយៗ ធ្វើយ៉ាងណាមិនឲ្យក្រុមនេះ អាចឈានទៅបង្កជាបក្ខពួក និងការគំរាមកំហែងដល់សន្ដិសុខសុវត្ថិភាពសង្គមក្នុងមូលដ្ឋានស្រុកបសេដ្ឋបានឡើយ ពិសេសសហការជាមួយស្រុកជាប់ព្រំប្រទល់ផ្លាស់ប្ដូរព័ត៌មាន និងមុខសញ្ញា។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៣ក្រុមរួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងអនុវត្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។
ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕