(ចាកាតា)៖ សារព័ត៌មានស៊ិនហួ ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី១៦ ខែតុលានេះ បានឲ្យដឹងថា ស្ពានយោលមួយខ្សែនៅជិតរមណីដ្ឋានកោះ Bali ប្រទេសឥណ្ឌូនេស៊ី បានបាក់ស្រុតដួលរលំ នៅល្ងាចថ្ងៃអាទិត្យនេះ ដោយបានសម្លាប់មនុស្សចំនួន០៩នាក់ និងធ្វើឲ្យរបួសមនុស្សចំនួន៣០នាក់ផ្សេងទៀត។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងយ៉ាងដូច្នេះ។
យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយជាបន្តបន្ទាប់ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ស្ពានដែលបានបាក់ស្រុតនេះ គឺជាស្ពានមួយតភ្ជាប់ពីកោះ Nusa Lembongan ជាកោះតូចមួយ ទៅកាន់កោះ Nusa Ceningan នៅជិតនឹងរមណីដ្ឋានកោះ Bali នេះបើតាមសម្តីលោក Sutopo Purwo Nugroho អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី។
លោកបន្តថា ជនរងគ្រោះចំនួន០៨នាក់ ក្នុងចំណោម០៩នាក់ ដែលបានស្លាប់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណហើយ។ ក្នុងចំណោមជនរងគ្រោះដែលស្លាប់ក្នុងនោះមានកុមារ០៣នាក់ផងដែរ ដែលមានអាយុចម្លោះពី០៣ ទៅ០៩ឆ្នាំ។ អ្នកនាំពាក្យបន្តទៀតថា មនុស្សចំនួន០២នាក់ ក្នុងចំណោមមនុស្សទទួលរងរបួស បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Sutopo Purwo Nugroho បានបញ្ជាក់ដែរថា បើតាមសេចក្តីរាយការណ៍ដំបូងបានបង្ហាញថា មិនមានជនបរទេសនោះទេ ដែលស្ថិតនៅក្នុងចំណោមជនរងគ្រោះ៕